មនុស្សជាង៤ម៉ឺននាក់ នៅក្នុងខេត្តស៊ីឈួនរបស់ប្រទេសចិន ត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព ដោយសារតែទឹកជំនន់
ចិន៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា មនុស្សជាង៤ម៉ឺននាក់ នៅក្នុងខេត្តស៊ីឈួនរបស់ប្រទេសចិន ត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព ដោយសារតែទឹកជំនន់ ខណៈបរិមាណទឹកភ្លៀងដ៏ច្រើនបានគ្របដណ្ដប់លើផ្នែកជាច្រើននៃប្រទេស។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ទឹកភ្លៀង៣០០,៧ មីលីម៉ែត្រ បានធ្លាក់ពីលើទីក្រុងយ៉ាន ក្នុងខេត្តស៊ីឈួនក្នុងរយៈពេលប្រហែល១៤ម៉ោង ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី ដែលបានបំផ្លាញផ្ទះសម្បែង។ ដោយឡែក ទីក្រុង Zhengzhou នៃខេត្តហ៊ីណាន បានចេញការប្រកាសអាសន្នពណ៌ក្រហមចំនួន៤ សម្រាប់ភ្លៀងធ្លាក់ខ្លាំង ហើយតំបន់មួយចំនួនទៀតក៏បានរាយការណ៍ពីកម្រិតទឹកភ្លៀងខ្ពស់ផងដែរ ដូចជាតំបន់ Guanyun ក្នុងខេត្តជាំងស៊ូ មានកម្រិតទឹកភ្លៀង២៧៥,៤មីលីម៉ែត្រ នេះបើយោងតាមរដ្ឋបាលឧតុនិយមចិន។
ទន្ទឹមគ្នានោះ សារព័ត៌មាន Southern Metropolis Daily បានរាយការណ៍ថា ទីក្រុង Xiatai ក្នុងខេត្តក្វាងទុងមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃជាមធ្យម ៤៣៩មីលីម៉ែត្រនៅចុងខែមិថុនា។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍ថា អាជ្ញាធរឧតុនិយមបានបន្តការប្រកាសអាសន្នសម្រាប់ព្យុះភ្លៀងដល់ព្រឹកថ្ងៃព្រហស្បតិ៍សម្រាប់ខេត្តមួយចំនួន និងតំបន់ទីបេរបស់ប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា តំបន់ខ្លះអាចនឹងមានភ្លៀងធ្លាក់លើសពី ៧០មីលីម៉ែត្រក្នុងរយៈពេលមួយម៉ោង លាយលំជាមួយនឹងផ្គរ រន្ទះ និងខ្យល់ព្យុះភ្លៀងផងដែរ។ បន្ថែមលើនោះ ក្រុមមន្ត្រីបានព្រមានម្ដងហើយម្ដងទៀតអំពីអាកាសធាតុធ្ងន់ធ្ងរ និងគ្រោះមហន្តរាយភូមិសាស្ត្រពេញមួយខែកក្កដានេះ៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង