ភ្នំពេញ៖ ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ ជាពិសេសប្រទេសចិន បានជះផលប៉ះពាល់ដល់កំណើ នសេដ្ឋកិច្ចរបស់អាស៊ាន រួមទាំងកម្ពុជា។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកែតម្រូវការព្យាករកំណើនសេដ្ឋកិច្ចរបស់អាស៊ានមកនៅត្រឹម ៤,២ ភាគរយ នៅឆ្នាំ២០២៣ និង៤,៦ ភាគរយ នៅឆ្នាំ ២០២៤ ដោយថយចុះក្នុងអត្រា០,៤ ភាគរយនៅឆ្នាំ ២០២៣ និង០,៣ ភាគរយ នៅឆ្នាំ ២០២៤ ធៀបនឹងការព្យាករកាលពីខែមេសា ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាថយមកត្រឹម ៥,៦ ភាគរយពី ៥,៨ ភាគរយ កាលពីខែមេសា និងឆ្នាំ ២០២៤ នឹងធ្លាក់ចុះមកត្រឹម៦,១ភាគរយពី ៦,២ ភាគរយ។ នេះបើយោងតាមចក្ខុវិស័យសេដ្ឋកិច្ចប្រចាំតំបន់របស់ IMF សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃទី ១៨ ខែតុលា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានតាមអនឡាញស្តីពីចក្ខុវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោក Shanaka Peiris ប្រធានថ្នាក់តំបន់នៅនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF ឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករក្នុងអត្រា ៥,៦ ភាគរយនៅឆ្នាំនេះ និង ៦,១ ភាគរយនៅឆ្នាំ ២០២៤ ដោយថយចុះក្នុងអត្រា ០,២ ភាគរយ និង ០,១ ភាគរយតិចជាងអ្វីដែលបានព្យាករលើកមុន។

លោកថ្លែងថា៖ «ដូចអាស៊ានដទៃទៀតដែរ អ្នកដឹងទេថា ពិតណាស់វាត្រូវបានកែតម្រូវដោយសារតែតម្រូវការខាងក្រៅចុះខ្សោយ។ កម្ពុជាភាគច្រើននាំចេញទៅរកទីផ្សារអាមេរិក និងអឺរ៉ុប។ ដូច្នេះយើងរំពឹងថាអ្វីៗនឹងប្រសើរឡើង»។ លោកបន្តថា៖ «យើងមើលឃើញការធ្វើសមាហរណកម្មរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មមានការកើនជាងមុន ប៉ុន្តែការថយចុះជាមួយអាមេរិក-អឺរ៉ុប គឺមានកម្រិតកាន់តែខ្ពស់ខ្លាំង»។

លោកបន្ថែមថា៖ «សេដ្ឋកិច្ចកម្ពុជាធ្វើពិពិធកម្ម ប៉ុន្តែអ្នកដឹងទេ ការប្តេជ្ញាចិត្តមួយចំនួនលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងផលប៉ះពាល់នឹងធ្លាក់ចុះក្នុងរយៈពេលមធ្យមទៅវែង។ កិច្ចព្រមព្រៀងទាំងនេះនឹងធ្លាក់ចុះតាមរយៈពេលវេលា។ ដូច្នេះអត្ថប្រយោជន៍ពិតជានឹងកើតមានក្នុងរយៈពេលយូរ រួមទាំងមានបរិយាកាសធុរកិច្ចដែលទាក់ទាញការវិនិយោគ និងការវិនិយោគផ្ទាល់ពីបរទេសក្នុងគ្រប់វិស័យកាន់តែទូលំទូលាយ»។

លោកបញ្ជាក់ថា៖ «ទោះបីសម្ពាធក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែមិនចុះថយក៏ដោយ ក៏ខ្ញុំចង់បញ្ជាក់ថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់ប្រទេសចិនបានបង្ហាញពីការពង្រីកសកម្មភាពនៅក្នុងខែកញ្ញា។ កំណើនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននៃការលក់រាយក៏មានភាពប្រសើរដែរ ប៉ុន្តែទិន្នន័យប្រចាំខែមានភាពប្រែប្រួល ហើយការប្រុងប្រយ័ត្នត្រូវបានធានាក្នុងការបកស្រាយពីការប្រែប្រួលរយៈពេលខ្លី»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ