សម្តេចក្រឡាហោម ស ខេង ផ្តាំផ្ញើរដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ តស៊ូ ព្យាយាម ជោគជ័យប្រាកដជាមាន
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្តាំផ្ញើរដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ តស៊ូ ព្យាយាម ជោគជ័យប្រាកដជាមាន។ ប្រសាសន៍ណែនាំ និងផ្តាំផ្ញើរនេះ ក្នុងឱកាស សម្តេចក្រឡាហោម អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ចំនួន ២៧រូប ស្រី១២រូប ចូលជួបសម្តែងការគួរសម នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។
នាឱកាសនេះដែរ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការស្វាគមន៍យ៉ាងកកក្តៅ និងអបអរសាទរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលបានតស៊ូសិក្សារៀនសូត្រ ក្នុងរយៈពេលកន្លងមករហូតអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី។
ជាមួយគ្នានេះសម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង បើទោះបីជាជាប់ការងារប្រចាំថ្ងៃជាបុគ្គលិក នៅវិស័យឯកជន និងជាមន្ត្រីរាជការក្តី តែបានបញ្ចេញសមត្ថភាពរហូតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី។ សម្តេចក្រឡាហោមបានបន្ថែមថា ការខិតខំទាំងនេះបានឆ្លុះបញ្ជាំងឱ្យឃើញពីឆន្ទៈដ៏ម៉ោះមុតក្នុងការស្វែងរកចំណេះវិជ្ជា ដើម្បីកសាងអនាគតរបស់ខ្លួនផង ក៏ដូចជាបានចូលរួមចំណែកក្នុងការកសាងអនាគតរបស់ប្រទេសជាតិយើងផង។
ជាមួយគ្នានេះសម្តេចក្រឡាហោម បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ថានិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលីទាំងអស់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងនេះរហូតទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងយកចំណេះដឹងទាំងនេះ មកចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ.»។
សូមបញ្ជាក់ថា អាហារូបករណ៍ Australia Awards គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រមព្រៀងសកលទ្វេភាគីនិងតំបន់។ Australia Awards មានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ក៏បានផ្តល់ឱកាសសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍វិជ្ជាជីវៈដល់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ ដែលមានបំណងនាំយកនូវឥទ្ធិពលវិជ្ជមានមកកាន់ប្រទេសរបស់ពួកគេ ក៏ដូចជាមានបំណងកសាងអាជីពការងារដែលរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍របស់កម្ពុជានាពេលអនាគត៕SP