ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងកាត់ឆ្វៀលដីនៅតំបន់ផ្លូវទំនប់កប់ស្រូវ ប្រមាណជាជាង៧០ហិកតាដើម្បីរៀបចំសួនសាធារណៈមួយយ៉ាងធំទូលំទូលាយ ដើម្បីឲ្យពលរដ្ឋនៅរាជធានីភ្នំពេញ បានដើរលំហែរអារម្មណ៍ក៏ដូចជាការហាត់ប្រមាណសម្រាប់សុខភាពពួកគាត់។

ក្នុងវេទិកាអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅថ្ងៃទី៧ មេសា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តរៀបចំកន្លែងសាងសង់សួនសាធារណៈដើម្បីផលប្រយោជន៍សាធារណៈ ។  ជាក់ស្តែងនៅខេត្តបាត់ដំបង់អភិបាលខេត្តបានរៀបចំសួនសាធារណៈនៅតាមដងស្ទឹងសង្កែ បន្តមកទៀតឃើញនៅខេត្តកំពង់ធំ នៅសាងសង់តាមបណ្តោយដងស្ទឹងសែនផងដែរដែលនេះគឺជាការល្អប្រសើរសម្រាប់បម្រើអារម្មណ៍របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តរបស់ខ្លួនក្នុងលក្ខណៈដើរកម្សាន្ត ហាត់ប្រាណ ដើម្បីឲ្យពលរដ្ឋមានសុខភាពល្អ។ 

សម្រាប់នៅរាជធានីភ្នំពេញវិញ សម្តេច នាយករដ្ឋមន្រ្តី ក៏បានឲ្យអភិបាលរាជធានីភ្នំពេញ រៀបចំសួនសាធារណៈមួយនៅតំបន់ទំនប់កប់ស្រូវ ឬបឹងតាមោកប្រមាណជាជាង៧០ហិកតា។

សម្តេចធិបតី បានគូសបញ្ជាក់ថា “ឥឡូវនៅរាជធានីភ្នំពេញ ខ្ញុំបានឲ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមប្រហែលជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឲ្យអ្នកក្រុងភ្នំពេញដើម្បីធ្វើតែម្តង ។ ដោយមានកន្លែងពិកនិច ជួនកាលក្រុងរៀបចំកន្លែងខនសើត ”។

សម្តេចធិបតី មានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំដាំដើមឈើជាបណ្តើរៗហើយ ដើម្បីត្រៀមលក្ខណៈសាងសង់នាពេលខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ