ស្រីលង្កា៖ អតិផរណាតម្លៃទំនិញប្រើប្រាស់របស់ប្រទេសស្រីលង្កា បានធ្លាក់ចុះមកនៅត្រឹម១.១ភាគរយ ក្នុងខែសីហា ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ពី២.៥ភាគរយ ក្នុងខែកក្កដាកន្លងទៅ។ នេះបើតាមទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃអង្គារ បន្ទាប់ពីប្រទេសនេះ បានបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី ដោយរំពឹងថា នឹងពង្រឹងការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ខ្លួន។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អតិផរណាតម្លៃម្ហូបអាហារ បានធ្លាក់ចុះមកត្រឹម០.៨១ភាគរយ ក្នុងខែសីហា ពី២.៩ភាគរយ ក្នុងខែកក្កដា។ នេះយោងតាមទិន្នន័យពីនាយកដ្ឋានជំរឿន និងស្ថិតិ។
អតិផរណាតម្លៃទំនិញមិនមែនអាហារ បានធ្លាក់ចុះមកត្រឹម០.៥៥ភាគរយ ក្នុងខែសីហា ពី២.២ភាគរយ ក្នុងខែកក្កដា ខណៈតម្រូវការមានការធ្លាក់ចុះ។ស្រីលង្កា បានបោះឆ្នោតជ្រើសតាំង លោក Anura Kumara Dissanayake ជាប្រធានាធិបតីថ្មីរបស់ខ្លួន នៅថ្ងៃសៅរ៍នេះ។ មេដឹកនាំឆ្វេងនិយម បានប្តេជ្ញាគាំទ្រសេដ្ឋកិច្ចជាតិ ខណៈប្រទេសនេះ បានកើតវិបត្តិហិរញ្ញវត្ថុ បណ្តាលមកពីការខ្វះខាតយ៉ាងខ្លាំង នៃការប្តូររូបិយប័ណ្ណបរទេស កាលពីពីរឆ្នាំមុន។
សូមបញ្ជាក់ថា សេដ្ឋកិច្ចស្រីលង្កា ត្រូវបានគេរំពឹងថា នឹងមានកំណើន៣ភាគរយ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីថយចុះ២.៣ភាគរយ កាលពីឆ្នាំមុន និង៧.៣ភាគរយ អំឡុងពេលមានវិបត្តិធ្ងន់ធ្ងរ កាលពីឆ្នាំ២០២២៕