ពុទ្ធិកសមាគមកម្ពុជរដ្ឋ ថ្កោលទោស ចំពោះបុគ្គលដែលនិយាយថា «បួសជាសង្ឃគឺទម្ងន់ដល់ អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»
ភ្នំពេញ ៖ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះបុគ្គលដែលនិយាយថា «បួសជាសង្ឃគឺទម្ងន់ដល់ អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»។
តាមរយៈសេចក្តីថ្លែងការណ៍ របស់ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានសម្តែងនូវកង្វល់ និងការព្រួយបារម្មណ៍យ៉ាងខ្លាំង ដែលបច្ចុប្បន្ននេះមានបុគ្គលប្រើប្រាស់ គណនីហ្វេសប៊ុក Account Facebook ឈ្មោះ សមាគម ទេវ សក្ខី ភគវន្ត បានតាំងខ្លួនជាអ្នកពន្យល់ ធម៌ ដោយប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់ជំនឿ ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាការប៉ះពាល់ដល់តម្លៃដ៏ល្អ ផូរផង់នៃព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ ។
បុគ្គលរូបនេះ បានហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត មានគំនិត ទុច្ចរិតអាក្រក់ និយាយបក ស្រាយបំភាន់ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះពុទ្ធវចនៈ ព្រះត្រៃបិដកខ្មែរ ចង់បំបែកបំបាក់ ជំនឿ របស់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ដែលកំពុងស្ថិតនៅក្នុងសុខដុមនីយកម្មសាសនា ក្រោមម្លប់សន្តិភាពដ៏ សុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងគោរព ប្រតិបត្តិ លើកស្ទួយនិងយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត ។
អាស្រ័យហេតុដូចបានលើកឡើងខាងលើ ពុទ្ធិកសមាគមកម្ពុជរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា និងសូមគោរពស្នើសុំដល់ក្រសួងធម្មការ និងសាសនា និងគណ សង្ឃនាយកទាំងពីរគណៈ សូមព្រះមេត្តា និងមេត្តា ចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត តាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់នូវរាល់សកម្មភាពក្នុងចេតនាទុច្ចរិត ចំពោះព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។
ពុទ្ធិកសមាគមកម្ពុជរដ្ឋ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្រសួងធម្មការ និងសាសនា រួមនិង គណៈសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា និងធ្វើការកោះហៅបុគ្គលរូបនេះមកទទួល ខុសត្រូវចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន៕