ធនាគារជាតិកម្ពុជា ៖ ការដាក់ឲ្យចរាចរក្រដាសប្រាស់ ២សែនរៀន នឹងមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុ និងសេដ្ឋកិច្ចកម្ពុជា នោះឡើយ
ភ្នំពេញ ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សេរី បានប្រកាសអះអាងថា ការដាក់ឲ្យចរាចរ នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០ ០០០រៀល (២០ម៉ឺនរៀល) នាពេលនេះគឺនឹងមិនធ្វើឲ្យប៉ះពាល់ ដល់រូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជានោះឡើយ ខណៈក្រដាសប្រាក់២០ម៉ឺនរៀលនេះ បានបោះពុម្ពចំ នួនត្រឹមតែ២០លានសន្លឹកតែប៉ុណ្ណោះ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈវីដេអូឃ្លីប ជាងបួននាទីនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីពន្យល់ដល់សាធារណ ជនបន្ថែមទាក់ទងនឹងធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀលនេះ លោកស្រី ជា សេរី បានលើកឡើងថា នាពេលកន្លងមកមានការព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវក្រដាសប្រាក់ថ្មីម្តងៗនោះ ថាធនាគារជាតិ ឬរាជរដ្ឋាភិបាលខ្វះលុយជាដើមនោះគឺមិនមែននោះទេ ពោលគឺការដាក់ឲ្យចរាចរនូវក្រដាសប្រាក់ថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែល ធនាគារជាតិបានដកចេញពីចរាចរតែប៉ុណ្ណោះ។
តាមរយៈវីដេអូឃ្លីបនេះដែរ លោកស្រី ជា សេរី ក៏បានបញ្ជាក់ផងដែរថា ការបោះពុម្ពនូវ ក្រដាសប្រាក់២០ម៉ឺនរៀលនេះ គឺដើម្បីអបអរសាទរការគ្រងព្រះរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាប្រភេទក្រដាសប្រាក់អនុស្សាវរីយ៍ ដែលនឹងត្រូវចេញផ្សាយ ឬដាក់ឲ្យចរាចរត្រឹមតែ២០លានសន្លឹកតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ លោកស្រីបណ្ឌិត ជា សេរី ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិកុំឲ្យមាន ការយល់ច្រឡំ ចំពោះការដាក់ឲ្យចរាចរនូវក្រដាសប្រាក់២០ម៉ឺនរៀននេះ ហើយត្រូវរួមគ្នាថែរក្សា និងការ ពារនូវក្រដាសប្រាក់រៀលរបស់ខ្មែរឲ្យបានគ្រប់ៗគ្នាឲ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕