អាមេរិក៖ ក្រុមហ៊ុនអាមេរិក SpaceX ដែលជាក្រុមហ៊ុនផលិតយានអវកាស ផ្ដល់សេវាកម្មបង្ហោះផ្កាយរណប និងទំនាក់ទំនងផ្កាយរណប មានបំណងដាក់ការវិនិយោគប្រមាណ ១៥ ប៊ីលានដុល្លារ នៅក្នុងប្រទេសវៀតណាមនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃពុធ។

ការបង្ហាញបំណងវិនិយោគនេះ ធ្វើឡើងនៅពេលអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត និងជាប្រធានរដ្ឋវៀតណាម លោក Tô Lâm បានជួបជាមួយលោក Tim Hughes ដែលជាអនុប្រធានជាន់ខ្ពស់សម្រាប់អាជីវកម្មសកល និងកិច្ចការរដ្ឋាភិបាលរបស់ក្រុមហ៊ុន SpaceX កាលពីថ្ងៃពុធ។

ដោយសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករដ៏សំខាន់ក្នុងយុគសម័យថ្មី លោក Lâm បានវាយតំលៃខ្ពស់ចំពោះសំណើវិនិយោគរបស់ក្រុមហ៊ុន SpaceX នៅវៀតណាម ហើយបានសម្តែងក្តីសង្ឃឹមថា វានឹងក្លាយជាជំហានឆ្ពោះទៅមុខ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២។ 

លោកបន្តថា រដ្ឋាភិបាលវៀតណាមកំពុងថ្លឹងថ្លែងសំណើរវិនិយោគ ដោយស្នើឱ្យក្រុមហ៊ុន SpaceX របស់លោក អេឡុន ម៉ាសក៍ (Elon Musk) សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ និងដៃគូពាក់ព័ន្ធរបស់វៀតណាម ដើម្បីបំពេញបែបបទវិនិយោគ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ