BREAKING: ទីបំផុតតុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែងលោក Srettha Thavisin ចេញពីមុខតំណែងជា នាយករដ្ឋមន្ត្រីថៃហើយនៅថ្ងៃនេះ
បាងកក៖ ទីបំផុតតុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែងលោក Srettha Thavisin ចេញពីមុខតំណែងជា នាយករដ្ឋមន្ត្រីថៃហើយនៅថ្ងៃនេះ។នេះបើតាមការចេញផ្សាយរបសារព័ត៌មាន The Nation នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤។
បណ្តឹងប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃលោកSrettha បានកើតឡើងក្រោយសមាជិកព្រឹទ្ធសភាតែងតាំងឡើងដោយយោធាចំនួន៤០រូបកាលពីខែឧសភា បានដាក់ពាក្យបណ្តឹងទៅតុលាការធម្មនុញ្ញ ហើយតុលាការ ក៏បានទទួលយកបណ្តឹង។ ការដាក់ពាក្យបណ្តឹងនេះដែរ ក្រោមហេតុផលថាការតែងតាំងលោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តី របស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។ ក្រោយមក លោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារ លោក សេដ្ឋា។
សូមបញ្ជាក់ លោក Srettha ទទួលបានការគាំទ្រពីគណបក្សPheu Thai ដែលជាគណបក្សនយោបាយមួយដ៏មានប្រជាប្រិយភាពនៅប្រទេសថៃ។ លោកSrettha Thavisin ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមានការបារម្ភអំពីសាលក្រមបណ្តឹងប្រឆាំងនឹងរូបលោក ប៉ុន្តែលោកនឹងបន្តធ្វើការងារជាប្រក្រតី។
តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃសុក្រ(៧សីហា)ថ្មីៗនេះ បានសម្រេចរលាយគណបក្សប្រឆាំងMove Forward ដែលជាគណបក្សធំបំផុតនៅសភាថៃ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង