កំពង់ឆ្នាំង ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹត ដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃគ្រប់ទម្រង់ ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។

ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះ ឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ពន្យល់បន្តទៀតថា រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។ សមិទ្ធផលរាប់មិនអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសុខសន្តិភាព និងការបង្រួបបង្រួមជាតិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយគឺជាតឹតតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ដែលគ្មានអ្នកណាអាចកាឡៃបាន។ សមិទ្ធផលទាំងអស់នេះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាព័ត៌មានពិតដែលយើងត្រូវបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានដឹងជាប្រចាំតាមមធ្យោបាយដែលមានប្រសិទ្ធភាពខ្ពស់។ 

ការលើកឡើងរបស់ លោក ប៉ែន បូណា បានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីនិងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដល់មន្ត្រីនិងអ្នកនាំពាក្យខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោក សាន់ យូ អភិបាលរងខេត្ត តំណាងលោកស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរអង្គភាព ក្រុងស្រុក និងឃុំសង្កាត់ សរុបជាង ៤០០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ