ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំស្ថាប័នជំនាញ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិនិត្យមើលលើសំណង់អគារចាស់ៗ ដើម្បីបង្ការគ្រោះថ្នាក់ដោយប្រការណាមួយ ទោះបីគ្រោះរញ្ជួយដីនៅប្រទេសកម្ពុជា មានហានិភ័យ នៃការរញ្ជួយដីទាបក៏ដោយ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺហេតុការណ៍រញ្ជួយដីនៅប្រទេសមួយចំនួន ក្នុងនោះ តំបន់អាស៊ីអាគ្នេយ៍ មានការបាករលំខូចទ្រព្យសម្បត្តិ និងប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋ។

ជុំវិញបញ្ហានេះ សម្តេចបវរធិបតី ក៏បានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលរាជធានី-ខេត្ត ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការ និងពង្រឹងនូវការអនុវត្តការងារ បច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីកាត់បន្ថយជាអតិប្បរមា។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ពិតណាស់ ប្រទេសកម្ពុជា គឺជាប្រទេសមានហានិភ័យ នៃការរញ្ជូនដីទាប»។

សម្តេចបវរធិបតី បន្ដថា «ខ្ញុំ បានឱ្យគោលការណ៍ក្រសួងដែនដី ពិនិត្យអគារចាស់ ខ្លាំងមែនទែន ក្នុងរាជធានីភ្នំពេញ យើងមានប៉ុន្មានអគារ ដែលមានប្រជាពលរដ្ឋរស់នៅទីនោះ»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់បណ្ដាជាងម៉ៅការសំណង់នានា កុំធ្វើសំណង់ខ្វះគុណភាព ឬកិបកេង ដើម្បីធ្វើឱ្យរួចប្រញាប់លក់ចេញហើយសំណង់ខ្វះគុណភាព ខណៈការងារនេះ សម្ដេច នឹងពិនិត្យមើលដោយផ្ទាល់បន្ថែមទៀតជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យបានគុណភាពសំណង់ដែលមានគុណភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ