អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា រយៈពេល ៦ខែ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត ចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងយុត្តិធម៌ ស្ដីពី លទ្ធផលរយៈពេល ៦ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចេញផ្សាយនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃ ប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ រួមមាន៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ 

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្ត យុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្តីទូទាំងប្រទេស។

អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា «ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត បានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣ ក្នុងនោះ មានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ៥៧ ៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេល ប្រកាសបើកយុទ្ធនាការ ចំនួន ៦៣ ៨៦៤»។

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ប្រកបដោយ ការទទួលខុសត្រូវខ្ពស់របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ក្នុងការ ដោះស្រាយរឿងក្តីបានឆាប់រហ័សជូនប្រជាពលរដ្ឋ៕

EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ