លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ៖ ការភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មប្រទេសទាំងពីរ
ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានលើកឡើងថា ការសម្ពោធជើងហោះហើរត្រង់ទី១ ជាប្រវត្តិសាស្ដ្ររវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥណ្ឌា និងព្រឹត្តិការណ៍ ឆ្នាំ២០២៤ ទេសចរណ៍-ឥណ្ឌាលើកទី១ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ពោធការហោះហើរត្រង់លើកដំបូងរវាងកម្ពុជា និងឥណ្ឌា (ភ្នំពេញ និងញូវដេលី)។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ព្រឹត្តិការណ៍នៃការសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា និងព្រឹត្តិការណ៍ ឆ្នាំ២០២៤ ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ នាឱកាសនេះ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់ប្រទេសយើងទាំងពីរ»។
បើតាមការគូសបញ្ជាក់របស់លោកសន្ដិបណ្ឌិត នេត សាវឿន, វិស័យពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសឥណ្ឌាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងបណ្តាឆ្នាំចុងក្រោយ បន្ទាប់ពីមានវិបត្តិសាកលជំងឺកូវីដ-១៩។
លោក បន្ដថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារឥណ្ឌាកើនដល់ ជាង៣០០លានដុល្លារ នៅឆ្នាំ២០២៣ ពោលមានការកើនឡើងប្រហែល៥០% បើប្រៀបធៀប ទៅឆ្នាំ២០២២ ហើយទំហំពាណិជ្ជកម្មទ្វេភាគី បានឈានដល់ជិត៤៨៥.៧លានដុល្លារ ពោលគឺកើនឡើងប្រហែល១០.៤ភាគរយនៅឆ្នាំ២០២៣ ស្មើនឹងប្រមាណ៤៤០លានដុល្លារនៅឆ្នាំ២០២២ ដែលធ្វើឲ្យឥណ្ឌាឈរនៅលេខរៀងទី១៧ នៃដៃគូពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជា៕EB