អគ្គស្នងការរងនគរបាលជាតិថៃ ត្រូវបានចេញដីកាចាប់ខ្លួន និងព្យួរពីការងារក្រោយ ជាប់ពាក់ព័ន្ធការលាងលុយកខ្វក់ និងល្បែងអនឡាញខុសច្បាប់
ថៃ៖ អគ្គស្នងការរងនៃកងកម្លាំងនគរបាលជាតិរបស់ប្រទេសថៃលោក Surachate Hakparn ត្រូវបានព្យួរពីការងារ រួមមន្ត្រីក្រោមឱវាទ៤នាក់ បន្ទាប់ពីតុលាការបានចេញដីកាសម្រាប់ការចាប់ខ្លួនគាត់ពីបទចោទប្រកាន់លាងលុយកខ្វក់ និងករណីល្បែងអនឡាញ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីតុលាការ អនុម័តដីកាចាប់ខ្លួនជនសង្ស័យទាំង៥ ហើយការព្យួរតំណែងនេះទៀតសោត កើតឡើងក្រោយពេលអគ្គស្នងការនគរបាលជាតិស្តីទីលោក Kitrat Panphet ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៅវិមានរដ្ឋាភិបាល។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំង៥ ក៏មានសិទ្ធិដាក់ញត្តិប្រឆាំងនឹងដីកានេះដែរ។
ប្រភពបានឱ្យដឹងថា លោក Kitrat Panphet បានចុះហត្ថលេខាលើបញ្ជាដែលចូលជាធរមានភ្លាមៗនៅថ្ងៃព្រហស្បតិ៍។ក្រៅពីអគ្គស្នងការរងនៃកងកម្លាំងនគរបាលជាតិរបស់ប្រទេសថៃ Surachat ឬហៅថា Big Joke ដីកានោះបានអនុវត្តទៅលើលោក Pol Col Kittichai Sangkhathaworn ស្នងការរងនគរបាលខេត្តសុងក្លា និង នាយរងប៉ុស្តិ៍ប៉ូលិស Phra Samut Chedi នៅខេត្ត Samut Prakan ព្រមទាំង ប៉ូលិសល្បាតចរាចរណ៍ពីររូប គឺលោក Pol Sgt Natthawut Wadwaew និងលោក Pol Sgt Natthanan Chuchak។
ទីបំផុត គណកម្មការមួយដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីដើម្បីស៊ើបអង្កេតករណីនេះ បានរកឃើញថា មានភ័ស្តុតាងរឹងមាំដែលបង្ហាញយ៉ាងច្បាស់ថា លោក Surachate ពិតជាមានជាប់ពាក់ព័ន្ធការសំណុំរឿង លាងលុយកង្វក់មែន។
យោងតាមប្រភពខាងលើ អ្នកទាំង៥ មានជាប់សង្ស័យពាក់ព័ន្ធការលាងលុយកខ្វក់ ជាមួយគេហទំព័រហ្គេមអនឡាញ BNK Matser។ពាក់ព័ន្ធករណីនេះដែរ លោក Pol Gen Kitrat បានពិភាក្សាអំពីការសម្រេចចិត្តនេះជាមួយលោកនាយករដ្ឋមន្ត្រី Srettha Thavisin នៅវិមានរដ្ឋាភិបាល បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃព្រហស្បតិ៍៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង