ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត  ត្រូវបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ ព្រមទាំងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ  នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ផ្អែកតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។


សម្ដេចក្រឡាហោម  បានគូសបញ្ជាក់ថា  "ហេតុនេះ ក្រសួងមហាផ្ទៃសូមស្នើឱ្យរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់អនុវត្តនូវកិច្ចការ មួយចំនួនដូចជា  ធ្វើការណែនាំដល់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើនីត្យានុកូលកម្ម លើប្រកាសស្តីពីការចុះបញ្ជីគណបក្ស នយោបាយ នៅក្រសួងមហាផ្ទៃ ដោយមិនគិតកម្រៃសេវា"។ 

សម្ដេចក្រឡាហោម  បន្ដថា  ធ្វើការណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ក្នុងការ ចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះ បញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ឆ្នាំ២០២៣ ស្របតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ