ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាន ថើបដៃលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា បន្ទាប់ពីលោកស្រី ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សភឿថៃកាលពីថ្ងៃសៅរ៍ទី២៨ខែតុលា។ក្រោយសកម្មភាពនេះត្រូវបានចែកចាយនៅតាមបណ្តាញសង្គម លោកនាយករដ្ឋមន្ត្រីថៃរូបនេះត្រូវបានមហាជនថៃរិះគន់យ៉ាងខ្លាំង។

ក្នុងនោះមតិ រិះគន់គណបក្សភឿថៃជាច្រើន បានថ្កោលទោសសកម្មភាពបែបនេះ បន្ទាប់ពីវីដេអូឃ្លីបរបស់នាយករដ្ឋមន្ត្រីថើបដៃលោកស្រី ផែតុងតាន ត្រូវបានផ្សព្វផ្សាយ។មនុស្សជាច្រើននិយាយថា កាយវិការនេះបង្ហាញថា ទោះបីជាលោកសេដ្ឋាជានាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែនៅតែលូនក្រាបចំពោះមេដឹកនាំបក្សភឿថៃថ្មី។ អ្នកផ្សេងទៀត បានប្រដូចកាយវិការនេះទៅនឹងក្មេងអន្ធពាល ដែលបង្ហាញការគោរពចំពោះមេក្រុមម៉ាហ្វីយ៉ា។

ជាការឆ្លើយតបទៅនឹងការរិះគន់នេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និយាយថា កាយវិការនេះ គ្រាន់តែជាសញ្ញានៃសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់គាត់ចំពោះ ផែតុងតាន ប៉ុណ្ណោះ ព្រោះគាត់ចាត់ទុកលោកស្រីដូចជាគ្រួសារ។ មិនតែប៉ុណ្ណោះ គាត់និយាយថា បបូរមាត់របស់គាត់ មិនបានប៉ះដៃរបស់លោកស្រីទេ។

លោកអះអាងថា “វាជាគ្រួសារបក្សភឿថៃ ហើយឥឡូវនេះ ខ្ញុំមានមុខតំណែងជានាយករដ្ឋមន្ត្រី រីឯ ផែតុងតាន កំពុងបំពេញភារកិច្ចរបស់ខ្លួនជាប្រធានគណៈកម្មាធិការគ្រប់គ្រងថាមពលទន់ (Soft Power)។ យើងយល់ចិត្តគ្នាទៅវិញទៅមក ហើយថៃមាននាយករដ្ឋមន្ត្រីតែម្នាក់គត់”៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ