ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ខា ថាវីស៊ីន បានប្រកាសថា ផ្ទៃដីរដ្ឋសរុប ចំនួន ១១៥២០ហិចតាដែលធ្លាប់ត្រូវបានប្រើប្រាស់ដោយយោធា នឹងត្រូវប្រគល់ជូនកសិករក្រីក្រគ្មានដីធ្លី សម្រាប់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ព្រះវស្សារបស់ព្រះមហាក្សត្រថៃ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានThe Nation នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាលបានស្នើឱ្យយោធា រួមទាំងកងទ័ពអាកាស កងទ័ពជើងគោក និងកងទ័ពជើងទឹក បែងចែកដីដែលមិនបានប្រើប្រាស់ដល់កសិករដែលគ្មានដីធ្លី ដើម្បីឱ្យពួកគេអាចជួលដីទាំងនោះក្នុងអត្រាទាប។ គម្រោងចែកចាយដីស្រែចម្ការនឹងចាប់ផ្តើមនៅខេត្ត NaKhon Phnom ភាគឦសាន ដែលជាផ្នែកមួយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។

 ទន្ទឹមគ្នានោះ រាជរដ្ឋាភិបាល បានចែកចាយ ឧបករណ៍ជំនួយចល័តចំនួន ៧២០០០ឈុតដល់ជនពិការ។ លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងថា រថយន្តដឹកទំនិញដើម្បីចែកចាយឧបករណ៍ទាំងនេះ ស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស ហើយត្រូវបានបញ្ចេញកាលពីសប្តាហ៍មុន។ លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលមានសុខភាពល្អ ចូលរួមយុទ្ធនាការបរិច្ចាគឈាម ក្នុងគោលបំណងប្រមូលឈាមឱ្យបាន១០លានសង់ទីម៉ែត្រគូបនៅចុងឆ្នាំនេះ។

លោកនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកំពុងព្យាយាមលើកទឹកចិត្តដល់សហគ្រាសរដ្ឋ និងវិស័យឯកជន ឱ្យចូលរួមក្នុងការគាំទ្រ និងបន្តការផ្តួចផ្តើមគំនិតរបស់ព្រះមហាក្សត្រ។ តាមការដឹកនាំរបស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក ការទប់ស្កាត់ការទន្ទ្រានព្រៃឈើ និងគម្រោងកែលម្អសុខភាពសាធារណៈ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ