មនុស្ស១១ នាក់បានស្លាប់នៅក្នុងប្រទេសចិន បន្ទាប់ពីដំបូលកន្លែងហាត់ប្រាណរបស់វិទ្យាល័យមួយ ក្នុងស្រុក Longsha នៃក្រុង Qiqiharបានបាក់ធ្លាក់
ចិន៖យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់ បន្ទាប់ពីដំបូលនៃកន្លែងហាត់ប្រាណរបស់សាលាមួយបានដួលរលំអំឡុងពេលក្រុមបាល់ទះសិស្សកំពុងហ្វឹកហាត់នៅភាគឦសានប្រទេសចិនកាលពីរសៀលថ្ងៃអាទិត្យ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
សាក្សីម្នាក់បានប្រាប់វិទ្យុរដ្ឋថា៖«សិស្សទើបតែបានត្រលប់មកសាលាវិញកាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីការប្រកួតនៅក្រៅទីក្រុង»។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើជនរងគ្រោះណាម្នាក់ជាមនុស្សពេញវ័យនោះទេ ប៉ុន្តែវិទ្យុរដ្ឋបានរាយការណ៍ថា គ្រូបង្វឹករបស់ក្រុមនេះ ត្រូវបានគេកប់នៅក្រោមគំនរបាក់បែក ខណៈអាជ្ញាធរបានលម្អិតថា មានមនុស្សចំនួន១៩នាក់ នៅឯកន្លែងហាត់ប្រាណនៅពេលដែលគ្រោះថ្នាក់បានកើតឡើង ដោយ៤នាក់បានរត់រួចខ្លួន។
របាយការណ៍មិនបានបញ្ជាក់ពីអាយុរបស់ជនរងគ្រោះនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់បទសម្ភាសន៍ជាមួយឪពុកម្តាយក្រុម ដែលពីរនាក់បាននិយាយថាកូនរបស់ពួកគេមានអាយុ ១៥ និង ១៦ ឆ្នាំ។
ប៉ូលីសនៅក្នុងតំបន់ បានឱ្យដឹងថា ការស៊ើបអង្កេតបឋមបានរកឃើញថា កម្មករសំណង់បានដាក់សារធាតុផែលីត (perlite) ជាសារធាតុរ៉ែដែលមានជាតិទឹកខ្ពស់ និងអាចស្រូបយកទឹកនៅលើដំបូលកន្លែងហាត់ប្រាណកំលុងពេលសាងសង់អគារសាលារៀន ដែលនៅជាប់នឹងកន្លែងហាត់ប្រាណ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ បានបន្ថែមថា ភ្លៀងធ្លាក់ជាប់ៗគ្នា ផែលីតបានត្រាំទឹក និងឡើងទម្ងន់ ដែលបណ្តាលឱ្យដំបូលបាក់៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង