ក្រសួងសុខាភិបាល អំពាវនាវឲ្យទប់ស្កាត់ជំងឺគ្រុនឈាម ព្រោះថា ដើមឆ្នាំ២០២៣នេះ មានជាង ៣ពាន់ករណី
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា ព្រោះថា ដើមឆ្នាំ២០២៣ ជំងឺនេះមានចំនួន ៣.៤៣៩ករណី។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៣ មិថុនា បានឲ្យដឹងថា ជំងឺគ្រុនឈាមក្នុងអំឡុង ២១សប្តាហ៍ ដើមឆ្នាំ២០២៣ នេះ មានចំនួន ៣.៤៣៩ករណី។ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ការចម្លងបានចាប់ផ្តើមកើនឡើងនៅតាមភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលមានការដ្ឋានសំណង់ច្រើន និងមានប្រជាជន រស់នៅច្រើនកុះករ។
ក្រសួង បន្ដថា កំណើននៃករណីជំងឺគ្រុនឈាមនាពេលនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹងអនុវត្តវិធានការការពារសុខភាពឱ្យបានល្អ ចៀសផុតពីការឆ្លងជំងឺ គ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំ ដែលបានកើតឡើងដោយសារពពួកដង្កូវទឹក។
ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមធំធេងក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពនោះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ជាប្រជាជនគំរូមួយរូប ស្របនឹងពាក្យស្លោក ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មាន ដង្កូវទឹក»៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ