ជនជាតិថៃ២នាក់បាត់បង់ជីវិត ក្នុងការផ្ទុះសង្គ្រាម រវាងកងកម្លាំងរបស់អ៉ីស្រាអែល និងក្រុមសក ម្មប្រយុទ្ធប៉ាឡេស្ទីន
ថៃ ៖ នាយករដ្ឋមន្រ្តីថៃ បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ជនជាតិថៃ២នាក់បានបាត់បង់ជីវិត ក្នុងការផ្ទុះអំពើហិង្សារវាងកងកម្លាំងរបស់អ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas នាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បង្ហោះសារលើបណ្តាញសង្គមឱ្យដឹងថា រូបលោកទទួលបានរបាយការណ៍ពីឯកអគ្គរាជទូតថៃ ប្រចាំនៅទីក្រុងតែលអាវីវនៃប្រទេសអ៉ីស្រាអែលថា ពលរដ្ឋថៃចំនួន២នាក់បានស្លាប់ ដោយសារអំពើហិង្សារវាងអ៉ីស្រាអែល និងក្រុម Hamas ដែលបានផ្ទុះឡើងភ្លាមៗកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ លោក សេដ្ឋា មិនបានចែករំលែកខ្លឹមសារលម្អិតអ្វីទៀតឡើយ ប៉ុន្តែលោកបានបន្ថែមថា ខាងក្រសួងការបរទេសថៃ កំពុងធ្វើការដើម្បីជម្លៀសជនជាតិថៃ ចេញពីអ៉ីស្រាអែល។
គួរបញ្ជាក់ថា អំពើហិង្សានាចុងសប្តាហ៍នេះ បានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់រងរបួស សរុបទាំងនៅអ៉ីស្រាអែល និងនៅតំបន់ Gaza ដែលគ្រប់ដោយដោយក្រុម Hamas។ មកទល់ថ្ងៃអាទិត្យនេះ ភាគីទាំងសងហាក់ខាងកំពុងបន្តប្រយុទ្ធគ្នាដដែល។
ភាពតានតឹងក្នុងជម្លោះរាប់ទសវត្សរ៍មកហើយ រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ ក្រុម Hamas បានបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់ និងបញ្ជូនខ្មាន់កាំភ្លើងឆ្លងព្រំដែនចូលអ៉ីស្រាអែល ក្នុងការវាយប្រហារទ្រង់ទ្រាយធំនិងដ៏ភ្ញាក់ផ្អើលមួយ ខណៈយោធាអ៉ីស្រាអែល បាននិងកំពុងវាយប្រហារសងសឹកទៅវិញលើតំបន់ Gaza៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង