ប៉ូលិសអេស្ប៉ាញរឹបអូសគ្រឿងអលង្ការបុរាណ តម្លៃ៦៤លានដុល្លារ ដែលចេញពីប្រទេសអ៊ុយក្រែន
អេស្ប៉ាញ៖ ប៉ូលិសអេស្បាញបាននិយាយថា ពួកគេបានរឹបអូសគ្រឿងអលង្ការមាស និងវត្ថុបុរាណដ៏មានតម្លៃផ្សេងទៀត ដែលត្រូវបានយកចេញពីអ៊ុយក្រែនដោយខុសច្បាប់ក្នុងឆ្នាំ ២០១៦ ក្នុងនោះ មានបំណែកទាំង១១ដែលមានអាយុកាលតាំងពីសម័យក្រិក-ស្ស៊ីធៀន រវាងសតវត្សទី ៨ និងទី ៤មុនគ.ស រួមមាន ខ្សែក ខ្សែដៃ និងក្រវិល ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២៣។
ប៉ូលិសជាតិម៉ាឌ្រីដ បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រតនសម្បត្តិទាំងនោះត្រូវបានរត់ពន្ធចេញពីប្រទេសអ៊ុយក្រែនបន្ទាប់ពីត្រូវបានដាក់តាំងបង្ហាញរយៈពេលខ្លីនៅឯសារមន្ទីរក្នុងទីក្រុងគៀវ។ជនជាតិអេស្បាញ ៣នាក់ និងជនជាតិអ៊ុយក្រែន ២នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការប៉ុនប៉ងលក់វត្ថុបុរាណ ដែលម្នាក់ជាបូជាចារ្យគ្រិស្តអូស្សូដក់។
ប៉ូលីសបាននិយាយថា កំណប់ទ្រព្យទាំងនេះគឺជាផ្នែកមួយនៃបេតិកភណ្ឌជាតិរបស់អ៊ុយក្រែន។ប៉ូលីសបានតាមដានចោរតាំងពីឆ្នាំ 2021 នៅពេលដែលបំណែកមួយនៃខ្សែក្រវាត់ដ៏ស្រស់ស្អាតជាមួយនឹងក្បាលចៀមត្រូវបានរឹបអូសក្នុងអំឡុងពេលលក់ឯកជនក្នុងទីក្រុង Madrid ។
បំណែកដែលនៅសល់ ត្រូវបានគេនិយាយថាមានតម្លៃ ៦០ លានអឺរ៉ូ (64 លានដុល្លារ) ត្រូវបានរឹបអូសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្រុមចោរបានព្យាយាមលក់វាចេញពីទីក្រុង Madrid សារមន្ទីរបុរាណវិទ្យាជាតិ និងវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌របស់ប្រទេសអេស្បាញ បច្ចុប្បន្នកំពុងកាន់កាប់វត្ថុបុរាណ៕