ថៃ៖ លោក ថាក់ស៊ីន ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារក្រុងបាងកកភ្លាមៗ បន្ទាប់ពីតុលាការកំពូល កាត់ទោសគាត់ឲ្យជាប់ពន្ធនាគារ នៅក្នុងសំណុំរឿងចំនួន៣ករណី។

ជាលទ្ធផល ពន្ធនាគារបានសម្រេចឃុំខ្លួនលោក ថាក់ស៊ីន តែម្នាក់ឯងក្នុងតំបន់៧ ដែលជាមន្ទីរពេទ្យនៃពន្ធនាគារក្រុងបាងកក ដោយនៅទីនោះ គាត់នឹងត្រូវតាមដានដោយបុគ្គលិកពេទ្យគ្រប់ពេលវេលា។

ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយកនៃនាយកដ្ឋានពន្ធនាគារ លោក Aryut Sintopphan បានអះអាងថា នាយកដ្ឋាននឹងធានាសុវត្ថិភាពរបស់លោកថាក់ស៊ីន នៅខាងក្នុងពន្ធនាគារ។នាយកដ្ឋានពន្ធនាគារថៃ បាននិយាយកាលពីល្ងាចថ្ងៃអង្គារទី២២ខែសីហាថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ក្នុងមន្ទីរពេទ្យពន្ធនាគារក្រុងបាងកក បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា គាត់មានជំងឺរួមគ្នាចំនួនបួនមុខ។

ជំងឺដែលលោកថាក់ស៊ីនមានគឺ Ischemia ជាជំងឺបេះដូង ដែលលំហូរឈាមហូរមិនស្រួល ហើយគ្រូពេទ្យត្រូវចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងការកកឈាមដល់គាត់ជាប្រចាំ។គាត់មានជំងឺសួតធ្ងន់ធ្ងរដោយសារកូវីដ១៩។ ថ្វីបើគាត់ជាសះស្បើយហើយក៏ពិតមែន ប៉ុន្តែសួតរបស់គាត់នៅតែជាប់ស្អិត ដែលធ្វើឲ្យគាត់ងាយនឹងអស់កម្លាំង។

ព្រមទាំងមានជំងឺលើសឈាម ហើយត្រូវលេបថ្នាំជាប្រចាំ គាត់មានជំងឺឆ្អឹងខ្នង ដែលប៉ះពាល់ដល់តុល្យភាព និងការដើររបស់គាត់។

លោក Aryut និយាយថា ពន្ធនាគារក្រុងបាងកក នឹងចាត់ចែងអគារពិសេសឬកន្លែងសម្រាប់សាច់ញាតិនិងអ្នកគាំទ្រ ដើម្បីចូលសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន។ ព្រោះតែលោក ថាក់ស៊ីន មានអាយុ៧៤ឆ្នាំទៅហើយនោះ ដូច្នេះគាត់នឹងត្រូវមើលថែឲ្យបានល្អ ដើម្បីកុំឲ្យគាត់ធ្លាក់ខ្លួនឈឺ អំឡុងពេលនៃការឃុំខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ