រដ្ឋាភិបាលថៃសម្រេច អនុម័តថវិកាជាង ៨១លានដុល្លារ ដើម្បីជួយសម្រួលដល់កសិករលើថ្លៃជីក្នុងរដូវប្រមូលផលនេះ
បាងកក៖ យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោក Chai Wacharonkeគណៈរដ្ឋមន្ត្រីបានយល់ព្រមលើថវិកាសង្គ្រោះបន្ទាន់ចំនួន ២៩,៩ពាន់លានបាត ដើម្បីគាំទ្រដល់គម្រោងការបង់ប្រាក់រួមគ្នាដើម្បីកាត់បន្ថយការចំណាយរបស់កសិករក្នុងការទិញជី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានThe Nation នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤។
ទាក់ទិននឹងការអភិវឌ្ឍពាក់ព័ន្ធ គណៈរដ្ឋមន្ត្រីបានអនុម័តថវិកាកណ្តាលចំនួន ៤,៧ពាន់លានបាតសម្រាប់ការគ្រប់គ្រងប្រេព័ន្ធធារាសាស្ត្រ និងស្តុកទឹក។ គួរបញ្ជាក់ថា ផ្ទៃដីប្រហែល ១២៥០០០រ៉ៃ ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ ជាមួយនឹងសមត្ថភាពស្តុកទឹកកើនឡើង ១១៥លានម៉ែត្រគូប ដែលអាចជួយមនុស្សចំនួន ៦៧០០០នាក់។
ក្រោមគម្រោងនេះ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភថ្លៃជីសម្រាប់កសិករក្នុងអត្រា ៥០០បាតក្នុងមួយរ៉ៃ រហូតដល់អតិបរមា ២០រ៉ៃក្នុងមនុស្សម្នាក់ សម្រាប់រដូវដាំដុះឆ្នាំ ២០២៤ និងឆ្នាំ២០២៥។ គម្រោងនេះគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
កសិករដែលចង់ចូលរួម ត្រូវចុះឈ្មោះជាមួយក្រសួងកសិកម្ម និងសហករណ៍ ខណៈកសិករប្រហែល ៤,៦៨លាននាក់ត្រូវបានគេប៉ាន់ស្មានថានឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។ សូមរំឭកថា កាលពីឆ្នាំមុនរាជរដ្ឋាភិបាលបានចំណាយប្រាក់ចំនួន ៥៦ពាន់លានបាតដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុដល់កសិករដោយកាត់បន្ថយការចំណាយរបស់ពួកគេចំនួន ១០០០បាតក្នុងមនុស្សម្នាក់រហូតដល់ ២០រ៉ៃ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង