ឡាវ៖នៅវេលាម៉ោង១០.២០នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤  ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។


តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ដែលធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី០៥ ខែមេសា នឹងធ្វើឡើងក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។


កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈ ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ 


សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ (MRC) គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលបំពេញការងារ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជុំវិញការអភិវឌ្ឍ និងគ្រប់គ្រងតំបន់អាងទន្លេមេគង្គប្រកបដោយចីរភាព៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ