ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាមួយប្រទេសបារាំង ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកល ចំពោះការស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយ នាថ្ងៃទី២០ មិថុនា នេះ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍រួមស្តីពី ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ផ្តួចផ្តើមដោយលោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកការលើកកម្ពស់សិទ្ធិអ្នក ស្រឡាញ់ភេទដូចគ្នា ដោយបានស្នើសុំឲ្យកម្ពុជាចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះ តាមរយៈកិច្ចជំនួប ចំនួនពីរលើករវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Jean-Marc Berthon និងកិច្ចជំនួបជាមួយ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមអបអរសាទរចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេសកម្ពុជា និងសូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែមានសេចក្តីមេត្តា ករុណា និងការសន្តោសប្រណី ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងតែងតែរម្លឹកដាស់តឿនកុំឲ្យមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទ ដូចគ្នា ជាពិសេសបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជាពុំមានការដាក់ទោសទណ្ឌលើការស្រឡាញ់ភេទ ដូចគ្នា ឡើយ។

សូមបញ្ជាក់ថា ការចូលរួមរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសបារាំងលើសេចក្តីថ្លែងការណ៍រួមនេះ បានឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិ មនុស្ស និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក។ ទន្ទឹមនេះ ការចូលរួម គាំទ្រសេចក្តីថ្លែងការណ៍រួមនេះ បានបង្ហាញថា ប្រទេសកម្ពុជា គឺជាសង្គមមួយដែលមនុស្សគ្រប់រូបអាចរួមរស់ នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង នៅក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ