កងទ័ពអ៊ីស្រាអែល អះអាងថា ក្រុមខ្លួនបានសម្លាប់មេធំក្រុមហាម៉ាស់លោក Yahya Sinwar ហើយនៅតំបន់ហ្គាហ្សាស្ទ្រីប
អ៊ីស្រាអែល៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) ដែលកំពុងបន្តប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា បានអះអាងរួមគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar មេក្លោងធំរបស់ក្រុមហាម៉ាស់ ដែលបានដឹកនាំការវាយប្រហារកាលពីថ្ងៃទី ៧តុលាឆ្នាំមុនលើភាគខាងត្បូងនៃអ៊ីស្រាអែល ពេលនេះត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានWSJនៅថ្ងៃទី ១៨ខែតុលា ឆ្នាំ២០២៤។
ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយកងទ័ពអ៊ីស្រាអែលបាននិយាយថា “កងកម្លាំង IDF ដែលប្រតិបត្តិការនៅទីបញ្ជាការភាគខាងត្បូង បានកម្ចាត់លោក Yahya Sinwar ។ IDF បាននិយាយថា ទាហានរបស់ខ្លួនបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ៣នាក់នៅក្នុងប្រតិបត្តិការនេះ ហើយក្រោយមកកងកម្លាំងបានបញ្ជាក់ថា ម្នាក់ក្នុងចំណោមពួកគេនោះគឺជា លោក Yahya Sinwar ដែលអ៊ីស្រាអែលចង់ឱ្យទទួលខុសត្រូវចំពោះការសម្លាប់ជនជាតិអ៊ីស្រាអែលប្រមាណ ១២០០នាក់ និងចាប់ពង្រត់មនុស្ស ២៥០នាក់ផ្សេងទៀត អំឡុងការវាយប្រហារកាលពីថ្ងៃទី៧តុលា។”
លោក Yahya Sinwar ត្រូវបានសម្លាប់បន្ទាប់ពីបានលាក់ខ្លួនកាលពីឆ្នាំមុន នៅពីក្រោយភាពឈឺចាប់របស់ប្រជាជនស៊ីវិលនៃតំបន់ហ្គាហ្សា នៅក្នុងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
សូមបញ្ជាក់ថា ប្រតិបត្តិការរាប់សិបដែលបានធ្វើឡើងដោយកងកម្លាំង IDF និង ISA ក្នុងរយៈជាងមួយឆ្នាំកន្លងមកនេះ ទើបតែប៉ុន្មានសប្តាហ៍ថ្មីៗនេះទេ នៅក្នុងតំបន់ដែលបានកម្ចាត់លោក Yahya Sinwar កងកម្លាំងបានរឹតបន្តឹងចលនាប្រតិបត្តិការរបស់លោក និងបានតាមដានលោកគ្រប់ជំហាន ទើបនាំទៅដល់ការសម្លាប់លោកដោយជោគជ័យ៕SP