ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា រយៈពេល ៦ខែ ឆ្នាំ២០២៤នេះ អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងចំនួន ៧៣៨លើក បានបណ្ដាលឲ្យមនុស្សស្លាប់ ៩នាក់, របួស ២៥នាក់, ឆេះផ្ទះ ៤៥០ខ្នង, តូប ៥០២តូប។

ក្នុងពិធិធ្វើសមយុទ្ធលំហាត់ពន្លត់អគ្គិភ័យ សង្គ្រោះ និងជម្លៀសមនុស្ស នៅផ្សារទំនើបអ៊ីអន១ ក្នុងន័យពង្រឹងស្មារតីដល់បុគ្គលិកទាំងអស់ ដើម្បីមានភាពម្ចាស់ការគ្រប់គ្រាន់ និងបានយល់ច្បាស់អំពីវិធានការបង្ការ ទប់ស្កាត់ និងសង្គ្រោះបឋមនៅពេលមានហេតុការណ៍កើតឡើង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងថា ច្បាប់អគ្គិភ័យបានកំណត់តម្រូវឲ្យម្ចាស់គោលដៅ សហការជាមួយមន្ដ្រីជំនាញ ដូច្នេះ លោកសំណូមពរដល់ម្ចាស់ផ្សារ, សហគ្រាស, គ្រឹះស្ថាន និងអគារធំៗជាដើម គួរបង្កើនកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ បង្ការ និងពន្លត់អគ្គិភ័យ ពិសេសការធ្វើលំហាត់សមយុទ្ធរួមគ្នា ដើម្បីបញ្ជ្រៀបការយល់ដឹងបន្ថែមពីដល់បុគ្គលិក និងមន្ដ្រីរបស់ខ្លួន។

លោកឧត្តមសេនីយ៍ឯក បានបង្ហាញនូវក្ដីព្រួយបារម្ភថា ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍរីកចម្រើន វិស័យសំណង់អគារខ្ពស់ក៏មានកាន់តែច្រើន ប៉ុន្ដែប្រសិនបើម្ចាស់ទីតាំងទាំងនោះ មិនបានយកចិត្តទុកដាក់សហការជាមួយមន្ដ្រីជំនាញ ដើម្បីបញ្ច្រាបការយល់ដឹងអំពីវិធីសាស្ដ្រក្នុងការទប់ស្កាត់ និងបង្ការទេនោះ នៅពេលមានហេតុការណ៍កើតឡើង មន្ដ្រីជំនាញពិបាកក្នុងការជួយអន្ដរាគមន៍។

លោកឧត្តមសេនីយ៍ឯក កត់សម្គាល់ថា ផ្សារទំនើបអ៊ីអនគ្រប់សាខាទាំងអស់ គឺជាផ្សារទំនើបរបស់ជប៉ុនដ៏គំរូមួយ ដែលតែងផ្ដល់កិច្ចសហការល្អជាមួយកម្លាំងសមត្ថកិច្ច ពិសេសនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងការធ្វើសមយុទ្ធរួមគ្នា និងអប់រំ ផ្សព្វផ្សាយដល់បុគ្គលិករបស់ខ្លួន ទាំង៣សាខាតែម្ដង។ ឯកឧត្តមចាត់ទុកថា នេះជាគំរូមួយដែលម្ចាស់ទីតាំងដ៏ទៃទៀត គួរអនុវត្តតាម។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ថា «ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើង ចំនួន៧៣៨លើក មានការកើនឡើង២២២លើកធៀបនឹងឆ្នាំកន្លងទៅ។ ក្នុងចំណោមហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួស២៥នាក់, ឆេះផ្ទះ៤៥០ខ្នង, តូប៥០២តូប។ ដោយឡែក មូលហេតុមកពីចរន្ដអគ្គីសនី ៤១.៥៦ភាគរយ, ប្រើប្រាស់ភ្លើង ៣៩.៣៣ភាគរយ និងក្ដាប់មិនបាន១៩.១១ភាគរយ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ