មន្ត្រីសមត្ថកិច្ចរូបណា មានក្បាលពោះធំជ្រុល នឹងមិនអនុញ្ញាតឱ្យចេញធ្វើការ នៅខាងក្រៅទៀតទេ ជាពិសេសការងារចរាចរណ៍
ភ្នំពេញ ៖ ចាប់ពីពេលនេះតទៅ មន្ត្រីសមត្ថកិច្ចរូបណា ដែលមានក្បាលពោះធំជ្រុល នឹងមិនអនុញ្ញាតឱ្យចេញធ្វើការនៅខាងក្រៅទៀតនោះទេ ជាពិសេសការងារចរាចរណ៍ និងប្រតិបត្តិការនានា។ នេះបើយោងតាមការឱ្យដឹងពី អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងថា មន្ត្រីដែលមានក្បាលពោះធំជ្រុល មានតិចតួចប៉ុណ្ណោះ ធៀបនឹងកម្លាំងសរុប ហើយករណីនេះ លោកធ្លាប់បានណែនាំឱ្យយកចិត្តទុកដាក់ និងរម្លឹក តាំងពីដើមនីតិកាលថ្មីមកម្លេះ។
លោកបានសង្កត់ធ្ងន់ថា ពាក្យថា "ស្តង់ដា" យ៉ាងហោចណាស់ឱ្យបាន សមរម្យ គឺសមភ្នែកមហាជន សមនឹងអាចអនុវត្តការងារបាន ពោលគឺ មិនមែនធំលើតូចក្រោម ឬធាត់ក្បាលពោះធំហួស ដែលចៀសមិនផុតពីការមិនអាចបំពេញការងារបានល្អ និងរហ័សរហួននោះឡើយ។ ទោះយ៉ាងនេះក៏ដោយ លោកក៏មិនបិទផ្លូវទេ គឺផ្ដល់ជម្រើសឱ្យហាត់ប្រាណ បន្ថយរបបអាហារមិនត្រឹមត្រូវ ជាដើម។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យអង្គភាព ត្រូវរៀបចំកម្លាំងដែលមានក្បាលពោះធំ ត្រូវឱ្យធ្វើការក្នុងការិយាល័យ។ អ្នកចង់ចេញក្រៅ ឬបើមានតម្រូវការចេញប្រតិបត្តិការការងារខាងក្រៅ ត្រូវតែហាត់ប្រាណឱ្យមើលទៅសមរម្យ៕EB