លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ៖ សំណុំរឿង ស្រី ស៊ីណា អាចចាត់ជាប្រវត្តិសាស្រ្តមួយ ដែលតុលាការ មិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមានោះទេ ប៉ុន្តែ បានសម្រេចសំណងរហូតដល់ ១លានដុល្លារ ក្នុងមួយគ្រួសារ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់ទុកករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា (អតីតឧកញ៉ា) អាចចាត់ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌ ដែលតុលាការ មិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមាតាមការកំណត់នៃច្បាប់នោះទេ ប៉ុន្តែ ថែមទាំងបានសម្រេចអំពីសំណងដល់គ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ១ លានដុល្លារ ក្នុងមួយគ្រួសារ។
នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤, យុត្តិធម៌ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំ គឺបានមកដល់ហើយ។ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ក្តីរឿងនេះ ដោយសម្រេចផ្តន្ទាទោសឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា ដាក់ពន្ធនាគារជាអតិបរមាតាមច្បាប់ ដែលសរុបទាំង ៣ សំណុំរឿង មានរហូតដល់ទៅ ៣១ ឆ្នាំ ហើយបានសម្រេចផ្តល់សំណងជំងឺចិត្តដល់គ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន ១ លានដុល្លារ ក្នុងមួយគ្រួសារ, អ្នករងរបួសធ្ងន់ចំនួន ៣០ ម៉ឺនដុល្លារ និង អ្នករងគ្រោះស្រាលចំនួន ២០ ម៉ឺនដុល្លារ។
តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា «ថ្ងៃនេះ ខ្ញុំសូមលើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា (អតីតឧកញ៉ា)។ សំណុំរឿងនេះ បានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ដែលថ្កោលទោសយ៉ាងខ្លាំងចំពោះឃាតកម្មដ៏សាហាវឃោរឃៅនេះ»។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាដោយផ្ទាល់ឱ្យ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ ត្រូវតាមដានការអនុវត្តច្បាប់លើករណីនេះ ពិសេស គឺ ធានាបានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ប៉ុន្តែ ត្រឹមត្រូវតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនត្រឹមតែបានផ្តល់ការជួយឧបត្ថម្ភដល់អ្នករងគ្រោះក្នុងហេតុការណ៍ឃាតកម្មដ៏សាហាវនេះទេ ថែមទាំងបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនឱ្យជួយការពាររឿងក្តីនេះ ដោយយកចិត្តទុកដាក់ជាទីបំផុតទៀតផង។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សម្តែងនូវការអរគុណ និង ការកោតសរសើរចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រកាន់ខ្ជាប់នូវគោលជំហរនៃការអនុវត្តច្បាប់ដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះទាំងឡាយនៅក្នុងករណីឃាតកម្មនេះ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ គូសបញ្ជាក់ថា «សម្រាប់ខ្ញុំ, នេះ អាចចាត់ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌ ដែលតុលាការ មិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមាតាមការកំណត់នៃច្បាប់នោះទេ ប៉ុន្តែ ថែមទាំងបានសម្រេចអំពីសំណងដល់គ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ១ លានដុល្លារ ក្នុងមួយគ្រួសារ»៕