សៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេច  ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា នាពេលនេះ ក៏មានការអញ្ជើញចូលរួមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៤៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្ដែមុនឈានដល់ការប្រកួត គណៈកម្មការ អនុគណៈកម្មការ នៃគណៈកម្មាធិការជាតិ CAMSOC និងភាគីពាក់ព័ន្ធ នឹងត្រូវមានការងារជាច្រើន ត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដើម្បីដង្ហែរភ្លើងគប់ជុំវិញបណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ