មន្ត្រីជាន់ខ្ពស់គណបក្សឆ្ពោះទៅមុខថៃ សម្រេចបង្កើតគណបក្សថ្មីឈ្មោះ «គណបក្សប្រជាជន»ដែលមានសមាជិករហូតដល់ជិត៣ម៉ឺនាក់
បាងកក៖ មន្ត្រីជាន់ខ្ពស់របស់គណបក្សឆ្ពោះទៅមុខដែលត្រូវតុលាការធម្មនុញ្ញសម្រេចរំលាយចោលកាលពីថ្ងៃពុធនោះ ពួកគេបានបង្កើតគណបក្សថ្មីមួយទៀតឈ្មោះគណបក្សប្រជាជន (People’s Party)។ ត្រឹមតែរយៈពេលមួយថ្ងៃក្រោយការប្រកាសទទួលចុះឈ្មោះសមាជិករបស់ខ្លួន គណបក្សប្រជាជនទទួលបានអ្នកចុះឈ្មោះជាង២ម៉ឺន ៨ពាន់នាក់។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីប្រធានគណបក្សនេះគឺលោក Natthaphong Ruengpanyawut។
គណបក្សថ្មីនេះក៏ទទួលបានការធ្វើវិភាគទានជាថវិកាជាបន្តបន្ទាប់ផងដែរដើម្បីទ្រទ្រង់មូលនិធិរបស់បក្ស។ ពេលនេះ គណបក្សទទួលបានទឹកប្រាក់ជាង១៧លានបាត។ គណបក្សមានគម្រោងប្រមូលថវិកាឱ្យបានដប់លានបាត និងប្រមូលសមាជិកឱ្យបាន១សែននាក់មុនថ្ងៃទី៣១ ខែសីហា។
លោកណាត់ថាផុងថ្លែងថាបន្ទាប់ពីយើងទទួលបានសមាជិកគ្រប់ចំនួនមួយសែននាក់ហើយ យើងអាចនឹងបន្តទទួលយកសមាជិកថ្មីៗជាបន្តទៀត។ លោកថ្លែងដូច្នេះនៅក្នុងពិធីជួបជុំជាមួយក្រុមអ្នកគាំទ្រនៅផ្សារទំនើប១កន្លែងនៃទីក្រុងបាងកកកាលពីថ្ងៃសៅរ៍។ លោកថ្លែងបន្តទៀតថាគោលដៅរបស់គណបក្សគឺស្វែងរកសម្ព័ន្ធមិត្តនយោបាយកាន់តែច្រើនតាមដែលអាចធ្វើទៅបានដើម្បីត្រៀមចូលរួមការបោះឆ្នោតនាឆ្នាំ២០២៧ខាងមុខនេះ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង