ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សមាគមភស្តុភារកម្មកម្ពុជា (CLA) បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី១៩ និងលើកទិសដៅការងារបន្ដ ប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧកញ្ញ៉ា ស៊ីន ចន្ទី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក អុី វ  វាសនា អគ្គលេខាធិការ សមាគមភស្ដុភារកម្មកម្ពុជា និងលោក-លោកស្រី ជាសមាជិករបស់សមាគម ជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។


ជាកិច្ចចាប់ផ្ដើម លោកឧកញ្ញ៉ា ស៊ីន ចន្ទី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងអំណរគុណចំពោះម្ចាស់ក្រុមហ៊ុនទាំងអស់ បានចូលរួមក្នុងការរៀបចំសន្និបាតប្រចាំឆ្នាំ លើកទី១៩ នាពេលនេះ ព្រោះមានសារៈសំខាន់ណាស់ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗទៀត សម្រាប់យកទៅអនុវត្តនៅតាមក្រុមហ៊ុននីមួយៗ ផងដែរ។

នាឱកាសនោះ លោក ប្រធានសមាគម បានលើកឡើងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើវិស័យដឹកជញ្ជូន ទោះបីពិភពលោកកំពុងជួបប្រទះនូវវិបត្តិជាសកលយ៉ាងណាក៏ដោយ សូម្បីតែប្រទេសជិតរបស់កម្ពុជា ក៏បានកោតសរសើរ និងជឿជាក់លើប្រទេសកម្ពុជា ក្នុងវិស័យដឹកជញ្ជូនេះផងដែរ។

លើសពីនេះ លោក ប្រធានសមាគម បានបន្ថែមថា ការវិវត្តន៍ទៅវិស័យដឹកជញ្ជូន នឹងឈានទៅរកការប្រើប្រាស់ជាប្រព័ន្ធបច្ចេកវិទ្យា ហេតុដូច្នេះសមាគមភស្តុភារកម្មកម្ពុជា នឹងផ្តោតសំខាន់បន្ថែមទៅលើប្រព័ន្ធឌីជីថលនេះ ឱ្យកាន់តែផុសផុល។

ឆ្លៀតឱកាសនោះ លោក អុីវ វាសនា អគ្គលេខាធិការ សមាគមភស្តុភារកម្មកម្ពុជា បានថ្លែងឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ កន្លងទៅ សមាគម បានសម្រេចបាននូវការងារជាច្រើន ហើយសមាគម ក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ទៅដល់សមាជិក ផងដែរ។ 

លោក អគ្គលេខាធិការ បានរំលឹកថា សមាគមភស្តុភារកម្មកម្ពុជា បានបង្កើតឡើង កាលពីឆ្នាំ២០១៤ ហើយរហូតមកដល់ពេលនេះ មានរយៈពេល ១៩ឆ្នាំមកហើយ ខណៈបច្ចុប្បន្ននេះ សមាគម ក៏មានសមាជិក ចំនួន ១៤២ក្រុមហ៊ុន និងសមាជិកអចិន្ត្រៃយ៍ ចំនួន ១៣៦ក្រុមហ៊ុន។

សូមបញ្ជាក់ថា កម្មវិធីសន្និបាត ប្រចាំឆ្នាំលើកទី១៩ របស់សមាគមភស្តុភារកម្មកម្ពុជា នាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញជូនសមាជិកនូវលទ្ធផល ដែលថ្នាក់ដឹកនាំរបស់សមាគម បានយកចិត្តទុកដាក់ធ្វើ និងទិសដៅបន្ត ក៏ដូចជាឆន្ទៈរបស់សមាគមនសម្រាប់ឆ្នាំថ្មី។ សម្រាប់គោលដៅរបស់សមាគម ក្នុងន័យដើម្បីលើកស្ទួយសេដ្ឋកិច្ច តាមរយៈការផ្តល់ធាតុចូលក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រឹង និងទន់ប៉ុណ្ណោះទេ សមាគមថែមទាំងជួយដោះស្រាយបញ្ហាប្រឈមរបស់សមាជិក និងប្រយោជន៍រួមទាំងមូល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ