អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី សាងសង់បាន៨០% នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣
ភ្នំពេញ ៖ នាព្រឹកថ្ងៃទីពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ខណៈដែលសម្រេចបាន៨០% នៃទំហំការងាររួមតាមកិច្ចសន្យា ដែលស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើម លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា តាមគម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ លោក បន្ដថា បើតាមការវាយតម្លៃរបស់គណៈកម្មការសាងសង់ អគារនេះ នឹងបញ្ចប់ការងារសាងសង់តាមកិច្ចសន្យា។
លើសពីនេះ លោក រដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំក្រុមហ៊ុនសាងសង់ឱ្យរៀបចំប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធផ្សេងៗទៀត ត្រូវរៀបចំឱ្យបានត្រឹមត្រូវបំផុត ដើម្បីឱ្យមានសោភ័ណ្ឌភាពស្អាតផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បន្ថែមថា ក្រោយអគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានសាងសង់រួចរាល់ហើយនោះ ត្រូវទាមទារឱ្យមានការថែទាំយ៉ាងម៉ត់ចត់បំផុតចំពោះអគារទាំងមូល។
ទន្ទឹមនឹងនោះ លោក រដ្ឋលេខាធិការប្រចាំការ បានផ្ដាំផ្ញើដល់អនុគណៈកម្មការ និងសមាជិកគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារសាងសង់ និងត្រូវធ្វើការចុះពិនិត្យដោយផ្ទាល់ ចំពោះកិច្ចការងារដែលនៅសេសសល់ ដើម្បីឱ្យអគារនេះរៀបចំទៅដោយមានស្តង់ដារ និងសោភណ្ឌភាពស្រស់ស្អាត ជាពិសេសធ្វើយ៉ាងណាឱ្យសំណង មានភាពរឹងមាំផងដែរ។ លោក ក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនសាងសង់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៅពេលដំណើរការសាងសង់។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីដំណើរការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ជូនអង្គប្រជុំទាំងមូលជា្រប់ថា លទ្ធផលសរុបជារួម អគារនេះសម្រេចបាន ៨០% ធៀបនឹងកិច្ចសន្យា។ លើសពីនេះ នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់ក្រុមហ៊ុន ឱ្យជំរុញការងារប្រក់ក្បឿងឱ្យបានឆាប់រហ័ស ព្រោះអាចនឹងមានភ្លៀងកក់ខែ ហើយក៏បានស្នើសុំក្រុមហ៊ុន បញ្ចប់ការងារតាមជាន់នីមួយៗឱ្យបានឆាប់ ដើម្បីផ្ដល់លទ្ធភាពឱ្យបណ្ដាអង្គភាព ត្រៀមផ្លាស់ចូលរៀបចំការិយាល័យធ្វើការជាបណ្ដើរៗ។
សូមរំលឹកថា អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង។ អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ផ្នែកខាងមុខនៃអគារនេះ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី៕