អាមេរិក ៖ តម្លៃមាសបានឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានដល់ ២ ១០០ដុល្លារក្នុងមួយអោន (៨,៣ជី) កាលពីថ្ងៃចន្ទ ខណៈការអត្ថាធិប្បាយរបស់ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានបង្កើនទំនុកចិត្តរបស់ពាណិជ្ជករថា ធនាគារកណ្តាលអាមេរិ​កអាចកាត់បន្ថយអត្រាការប្រា​ក់នៅដើមឆ្នាំក្រោ​យដែលនឹងជំរុញឱ្យមានការទិញមាសដុំទុក។ នេះបើយោងតាមកាសែត Channel News Asia

 

មាសឡើងថ្លៃខ្លាំងចុងក្រោយបំផុតដល់តម្លៃ ២ ០៧៥,៤៧ដុល្លារក្នុងមួយអោនកាលពីខែសីហា ឆ្នាំ២០២០ នៅពេលដែលជំងឺរាតត្បាតបានជំរុញឱ្យមានតម្រូវការ។ នៅពេលនេះ ការឡើងថ្លៃរបស់មាសត្រូវបានជំរុញដោយហានិភ័យភូមិសាស្ត្រនយោបាយ និងពាណិជ្ជករជួញដូរមាសដែលបានដាក់តម្លៃយ៉ាងខ្ពស់ដោយសាររំពឹងថា ការកាត់បន្ថយអត្រាការប្រាក់នឹងធ្វើឡើងចាប់ពីខែមីនាឆ្នាំក្រោយ។

តម្លៃមាសសម្រាប់ទិញលក់ភ្លាមៗបានកើនឡើង ០,៨ភាគរយនៅសហរដ្ឋអាមេរិកដល់ ២ ០៨៧,៦៩ដុល្លារក្នុងមួយអោននៅថ្ងៃត្រង់ថ្ងៃចន្ទ។ នៅដើមវគ្គជួញដូរមាសព្រឹកថ្ងៃចន្ទ មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺ ២ ១១១,៣៩ដុល្លារក្នុងមួយអោន។ មាសក្នុងកិច្ចសន្យាអនាគតរបស់អាមេរិកបានឡើងថ្លៃជិត ១ភាគរយដល់ ២ ០១៧,៥ដុល្លារក្នុងមួយអោន។

តម្លៃដុំមាសបានកើនឡើងជិត ១៦% ចាប់តាំងពីដើមខែតុលាមក ពោលជាការកើនឡើងមួយដែលដំបូងឡើយត្រូវបានជំរុញដោយការចាប់ផ្តើមជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែចាប់តាំងពីពេលនោះមក តម្លៃមាសត្រូវបានជំរុញដោយសារការរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងផ្លាស់ប្តូរទៅរកការបន្ធូរបន្ថយវិធានការរូបិយវត្ថុនៅដើមឆ្នាំក្រោយ៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ