ជនជាតិជប៉ុន ១៩នាក់ ត្រូវបានបណ្ដេញពីកម្ពុជា ទៅកាន់ប្រទេសដើមវិញ ក្រោយចាប់ខ្លួន ពាក់ព័ន្ធការស្នាក់នៅធ្វើការដោយខុសច្បាប់
ភ្នំពេញ ៖ ជនជាតិជប៉ុន១៩នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសដើមវិញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីចាប់ខ្លួនពាក់ព័ន្ធការចូលមកស្នាក់ នៅធ្វើការដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិជប៉ុនចំនួន ១៩នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយ ហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ»។
ប្រភព ដដែល បន្ដថា ជនបរទេសខាងលើ ត្រូវបានបណ្ដេញចេញតាម អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។
សូមរំលឹកថា ជនជាតិជប៉ុនចំនួន ១៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើ ការស្រាវជ្រាវរកឃើញក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្ដឹងតាមរយៈHOTLINEជន បរទេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងមកនេះ រួចបញ្ជូនមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍៕