ឥណ្ឌា នឹងផ្តល់បទពិសោធន៍ដល់កម្ពុជា ក្នុងការបង្កើតភូមិគំរូ ដើម្បីប្រែក្លាយជនបទ ជាសង្គមឌីជីថល និងស៊ីវិល័យ
ភ្នំពេញ ៖ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នឹងសហការផ្តល់បទពិសោធន៍ដល់កម្ពុជា ក្នុងការបង្កើតជាភូមិគំរូ ដោយផ្តោតលើសេវាកម្មសាធារណៈឌីជីថលផ្សេងៗ ដើម្បីប្រែក្លាយជនបទកម្ពុជា ជាសង្គមឌីជីថល និងស៊ីវិល័យ។
ក្នុងជំនួបជាមួយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។
លោកស្រី បានសន្យាថា «នឹងបន្តទំនាក់ទំនង ភាពជាដៃគូឱ្យកាន់តែខ្លាំងនិងល្អ ជាងមុនបន្ថែមទៀត ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការផ្តល់ជាជំនួយ លើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈបច្ចេកទេស Amrit គឺទឹកស្អាតគ្មានសារជាតិពុលអាសេនិក ការជំរុញអ្នកវិនិយោគឥណ្ឌា មកកម្ពុជាដើម្បីបង្កើតការងារ ជូនប្រជាជនកម្ពុជា និងបន្តផ្តល់ការចែករំលែក បទពិសោធន៍ តាមរយៈការអប់រំបណ្តុះបណ្តាល ធនធានមនុស្សលើការងារផ្តល់ឥណទានជូនប្រជាជនជនបទ និងការសហការផ្តល់បទពិសោធន៍ ក្នុងការបង្កើតជាភូមិគំរូ ដោយផ្តោតលើសេវាកម្ម សាធារណៈឌីជីថលផ្សេងៗ ផងដែរ ដើម្បីប្រែក្លាយជនបទកម្ពុជា ជាសង្គមឌីជីថល និងស៊ីវិល័យ »។
ភាគីទាំងពីរ បានប្ដេជ្ញានឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើង ជាពិសេសរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជា លើការងារអភិវឌ្ឍន៍ជនបទ ដើម្បីរដ្ឋាភិបាលឥណ្ឌា ជួយសហប្រតិបត្តិការបន្តទៀត.
ក្នុងឱកាសនោះ លោក ឆាយ ឬទ្ធីសែន បានថ្លែងអំណរគុណចំពោះភាគីឥណ្ឌា ដែលតែងតែផ្តល់កិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាលើគ្រប់វិស័យ មានវិស័យវប្បធម៌ សាសនា ការអប់រំ បណ្តុះបណ្តាលជំនាញ និងវិស័យអភិវឌ្ឍន៍ជនបទ តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦៕EB