ទូតចិន ៖ គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយរឿងមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទ
ភ្នំពេញ ៖ គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទហើយ។ នេះបើតាមលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា តាមរយៈ Facebook នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
លោក វ៉ាង វិនពីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត»។
សូមជម្រាបថា ថ្មីៗគណនី TikTok ខាងលើ បានបង្ហោះឃ្លីបវីដេអូជាភាសាចិនមួយ ដែលប្រឌិតព័ត៌មានក្លែងក្លាយ តាមបណ្តាញសង្គមថា សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៕EB