ចាប់ពីថ្ងៃទី២២-២៨ ខែធ្នូ កម្ពុជាអាចនឹងមានភ្លៀងពីខ្សោយទៅមធ្យម ហើយអាកាសធាតុចុះត្រជាក់ខ្លាំងជាថ្មី លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម
ភ្នំពេញ៖ ក្រសួងធនធានទឹក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៨ ខែធ្នូ ឆ្នាំ២០២១។ក្នុងនោះក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែធ្នូ កម្ពុជា នឹង ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ គួបផ្សំនឹងខ្យល់មូសុងឦសាន ក្នុងកម្រិតពីមធ្យមទៅខ្លាំង។
ដោយតាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយនៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់សារជាថ្មីលាយឡំខ្យល់បក់ក្នុងកម្រិតបង្ហូរ ដែលក្នុងនោះសីតុណ្ហភាពអប្បបរមា មានពី១៦-១៨ °C និងអតិបរិមាមានពី២៤-២៦ °C។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងនៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងសារជាថ្មី លាយឡំនិងខ្យល់បក់ក្នុងកម្រិតពីបង្ហូរទៅខ្លាំង ដែលក្នុងនោះសីតុណ្ហភាពអប្បបរមាមានពី១៥-១៧ °C និងអតិបរិមាមានពី ២៤-២៦°C។
ចំពោះតំបន់មាត់សមុទ្រវិញ នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមនៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម។ សីតុណ្ហភាពអប្បបរមាមានពី១៧-១៩ °C និងអតិបរិមាមានពី២៦-២៨°C។ ទន្ទឹមនោះរលកសមុទ្រក៏មានកម្រិតមធ្យមផងដែរ៕SP