ប្រធានាធិបតីផុតអាណត្តិលោកដូណាល់ ត្រាំ បាននិយាយថា លោកបានត្រៀមខ្លួនដើរចេញពីសេតវិមាន(White House)អាមេរិកហើយ ប្រសិនបើលោកចូ បាយដិន បេក្ខជនឈ្នះឆ្នោតមកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានបញ្ជាក់ជាផ្លូវការក្នុងនាមជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី។

ការបញ្ជាក់ពីការចាកចេញពីសេតវិមានអាមេរិករបស់លោកត្រាំ ធ្វើឡើងបន្ទាប់ពីរូបលោកបានបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។

 ជាក់ស្ដែងលោកត្រាំបានប្រកែកមិនព្រមទទួលយកលទ្ធផល និងថែមទាំងចោទដោយគ្មានភស្តុតាងថា មានការលួចបន្លំសន្លឹកឆ្នោតរបស់លោក។

លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី០៣វិច្ឆិកា បង្ហាញថា លោកបាយដិន បេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ បានយកឈ្នះលើលោកត្រាំ បេក្ខជនតំណាងគណបក្សសាធារណរដ្ឋក្នុងសំឡេង ៣០៦អង្គបោះឆ្នោតតំណាង ទល់នឹង ២៣២អង្គបោះឆ្នោតតំណាង។ ជាក់ស្ដែង បេក្ខជនដែលអាចឈ្នះនិងក្លាយជាប្រធានាធិបតីអាមេរិកបាន ត្រូវទទួលបានសំឡេងគាំទ្រ ២៧០អង្គបោះឆ្នោតតំណាង ខណៈលោកបាយដិន ទទួលបានដល់ទៅ ៣០៦អង្គបោះឆ្នោតតំណាងឯណោះ។

យ៉ាងណា សម្រាប់តំណែងប្រធានាធិបតីអាណត្តិថ្មីនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខ។ ដ្បិតធ្លាប់បានប្រកែកមិនទទួលស្គាល់លទ្ធផលបោះឆ្នោតក៏ដោយ តែលោកត្រាំបានប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅរួចហើយក្នុងការយល់ព្រមផ្ទេរអំណាចទៅឲ្យលោកបាយដិន។ លោកត្រាំបានសរសេរបង្ហោះលើបណ្តាញសង្គមធ្វីតទ័រ ដោយអនុញ្ញាតឲ្យរដ្ឋបាលសេវាទូទៅ(GSA) រៀបចំដំណើរការផ្លាស់ប្តូរប្រធានាធិបតីជាផ្លូវការ, ជូនដំណឹងដល់លោកចូ បាយដិនពីការចាប់ផ្តើមដំណើរការផ្ទេរអំណាច។ ការយល់ព្រមផ្ទេរតំណែងរបស់លោកត្រាំ មានន័យថាលោកបាយដិន អាចមានសិទ្ធិទទួលបាននូវព័ត៌មានស្តីពីសន្តិសុខជាតិ, អាចចូលជួបមន្រ្តីរដ្ឋាភិបាលសំខាន់ៗ និងដឹងពីថវិកាជាច្រើនលានដុល្លារនៅមុនថ្ងៃទី២០ខែមករា ឆ្នាំ២០២១មកដល់។

ប៉ុន្តែទោះបីជា លោកយល់ព្រមផ្ទេរតំណែងទៅឲ្យបាយដិនក៏ពិតមែន តែលោកត្រាំមិនទាន់ទទួលស្គាល់ថាលោកចាញ់លោកបាយដិននៅឡើយទេ ដោយលោកនៅតែបន្តចំណាត់ការតាមផ្លូវច្បាប់ ប្រឆាំងនឹងលទ្ធផលឆ្នោតក្រៅផ្លូវការ។ លោកត្រាំអះអាងថា មានការក្លែងបន្លំនិងលួចសន្លឹកឆ្នោតជាច្រើន នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ ប៉ុន្តែពុំមានភ័ស្តុតាងច្បាស់លាស់ ដើម្បីយោងការចោទប្រកាន់ឡើយ។យ៉ាងណាមិញ ទោះមិនទាន់ឡើងកាន់តំណែងជាផ្លូវការក៏ដោយ តែថ្មីៗនេះលោកបាយដិន បានចាត់តាំងឈ្មោះគណៈរដ្ឋមន្រ្តីរបស់ខ្លួនបានមួយចំនួនរួចមកហើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ