ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) នឹងរៀបចំពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

នាឱកាសអនុញ្ញាតឱ្យលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «គម្រោងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) និងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឱ្យបានមុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ២០២៣»។


ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី សង្ឃឹមថា JICA នឹងបន្តសកម្មភាពក្នុងនាមជាដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅប៉ូលសេដ្ឋកិច្ចទាំង៤ ដើម្បីជំរុញឱ្យដំណើរការនៃប៉ូលសេដ្ឋកិច្ចទាំងអស់មានភាពរីកចម្រើន និងមាននិរន្តរភាពផងដែរ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្សារភ្ជាប់ទៅប្រទេសជិតខាងនៅក្នុងតំបន់ផងដែរ។

 


ក្នុងជំនួបនាឱកាសនោះ លោកស្រី Kamei Haruko បានសម្ដែងនូវចំណាប់អារម្មណ៍ខ្ពស់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ដំណើរការអនុវត្តគម្រោងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងភស្តុភារកម្មនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានរបស់ JICA  ដែលមានដូចជា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គម្រោងសិក្សាចំណតផែកុងតឺន័រទឹកជ្រៅ នៅកំពង់ផែខេត្តព្រះសីហនុ និងគម្រោងសិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ