ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តផ្តល់ឤទិភាពក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការ គ្រូបង្រៀនប្រកបដោយគុណភាព។

នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាល នឹងបន្តផ្តល់ឤទិភាពក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព ការកៀរគរ និង ការផ្តល់ធនធានបន្ថែមទៀត សម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអនុវត្តការកែទម្រង់សាលារៀន ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សទី ២១ ដល់យុវជនការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការជំរុញការអប់រំឌីជីថលការកែទម្រង់សាលាគរុកោសល្យ ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា»។


ឆ្លៀតឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏វាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតអប់រំ ដែលបានដំណើរការដោយរលូន និងទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡាដោយបានពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបាន ក្នុងរយៈពេល១០ឆ្នាំកន្លងមក តាមរយៈការអនុវត្តការកែទម្រង់ជាបន្តបន្ទាប់ ក៏ដូចជាវឌ្ឍនភាពសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងបានដាក់ចេញនូវអាទិភាព ៨ ចំណុច សម្រាប់ទិសដៅការងារនាពេលខាងមុខឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជា កំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានឆ្លើយតបទៅនឹងចក្ខុ- វិស័យកម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន បន្ដថា សមិទ្ធផលដែលទទួលបាន ពិតជាបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងស្អិតរមួតរបស់ថ្នាក់ដឹកនាំបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ មាតាបិតា សហគមន៍ និងឤជ្ញាធរដែនដី ក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនទៅមុខ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ