ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឆ្លើយតបទៅករណីគណនីហ្វេសប៊ុកឈ្មោះ San Prum ដែលបានបង្ហោះពាក់ព័ន្ធករណីឧកញ៉ាម្នាក់វ៉ៃស្រ្តីទន់ខ្សោយ
នៅថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2020 ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្មីៗនេះបានឃើញគណនេយ្យហ្វេសប៊ុកខាងលើបង្ហោះថា “ភិរម្យ វិចិត្រដារ៉ា ឧកញ៉ាមានលុយ វ៉ៃស្រ្តីទន់ខ្សោយ នៅខេត្តព្រះសីហនុ មិនបាច់ជាប់គុក មិនបាច់ជាប់បណ្តឹង អាជ្ញា ដោយសារមានលុយ អាចប្រើខ្មោចឲ្យកិនម្សៅបាន? ? ? ? “
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបជូនថា ករណីខាងលើបានកើតឡើងនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០ និង៣០នាទីនៅហាងឡាវ៉ុក ជាន់ទី១២ ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុមកម៉្លេះរវាងឈ្មោះ គឹម ចាន់សុធី ភេទស្រី សញ្ជាតិខ្មែរ អាយុ២៧ឆ្នាំ និងឈ្មោះ ភារម្យ វិចិត្រដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរដូចគ្នា។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឈ្មោះ គឹម ចាន់សុធី និងឈ្មោះ ភារម្យ វិចិត្រដារ៉ា បានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទរវៀងគ្នា និងគ្នារួចរាល់ ហើយឈ្មោះ គឹមចាន់សុធី ក៏បានស្នើសុំដកពាក្យបណ្តឹងរបស់នាងដែលចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅថ្ងៃដដែរនោះដែរ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមបញ្ជាក់បន្ថែមថា សំណុំរឿងនេះលោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងផែនប្រឆាំងបទល្មើសព្រហ្មទណ្ឌបានបញ្ជូនទៅព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕SP