ម៉ូសំប៊ិក ៖ អ្នកទោសជាង ១,៥០០នាក់បានរត់គេចខ្លួន ក្នុងអំឡុងពេលផ្ទុះកុបកម្មនៅពន្ធនាគារក្នុងរដ្ឋធានីម៉ាពុយតូ ដែលបណ្តាលឱ្យមនុស្ស ៣៣នាក់បាត់បង់ជីវិត និង១៥នាក់ទៀតរងរបួស កាលពីថ្ងៃពុធសប្តាហ៍នេះ។

មេបញ្ជាការប៉ូលិសប្រទេសម៉ូសំប៊ិក លោក Bernardino Rafael បាននិយាយថា កុបកម្មមួយបានផ្ទុះឡើងក្នុងពន្ធនាគារនៅរដ្ឋធានីម៉ាពុយតូ ហើយជាលទ្ធផល មនុស្សប្រហែល ១,៥៣៤នាក់បានរត់គេចខ្លួនពីពន្ធនាគារ ប៉ុន្តែ ១៥០នាក់ក្នុងចំណោមពួកគេ ឥឡូវនេះត្រូវបានចាប់ខ្លួនមកវិញ។


កុបកម្មនេះកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ២១នាក់ត្រូវបានសម្លាប់ នៅក្នុងភាពចលាចលដែលបានផ្ទុះឡើង នៅពេលដែលតុលាការកំពូលរបស់ប្រទេសម៉ូសំប៊ិក កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីជ័យជម្នះរបស់បេក្ខជនប្រធានាធិបតីនៃគណបក្ស Frelimo ដែលកាន់អំណាចដ៏យូរ គឺលោក Daniel Chapo នៅក្នុងការបោះឆ្នោតកាលខែតុលាកន្លងទៅ។

អំពើហឹង្សាបានផ្ទុះឡើងក្នុងរយៈពេលពីរថ្ងៃ ជុំវិញលទ្ធផលបោះឆ្នោតកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ រួមទាំងការវាយប្រហារលើស្ថានីយ៍ប្រេងឥន្ធនៈ, ប៉ុស្តិ៍ប៉ូលីស និងធនាគារ។ការស្លាប់ចុងក្រោយនេះ បាននាំឱ្យចំនួនអ្នកបាត់បង់ជីវិតនៅក្នុងប្រទេសម៉ូសំប៊ិក កើនឡើងដល់ ១៥១នាក់ចាប់តាំងពីថ្ងៃទី ២១ ខែតុលា។ នេះបើយោងតាមក្រុម Plataforma Decide ដែលជាក្រុមឃ្លាំមើលការបោះឆ្នោត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ