គ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្ដាលឱ្យទាហានវៀតណាម ៣នាក់បាត់បង់ជីវិត និង១៩នាក់ផ្សេងទៀតបានបាត់ខ្លួន នៅខេត្ត Quang Tri ភាគកណ្ដាលប្រទេសវៀតណាម។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។
គ្រោះរអិលបាក់ដីខាងលើ បានវាយប្រហារលើបន្ទាយអង្គភាពមួយ នៃបន្ទាយយោធាតំបន់ទី៤ ហើយបច្ចុប្បន្ន ក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកទាហានយ៉ាងហោច១៩នាក់ ដែលនៅតែបន្តបាត់ខ្លួននៅឡើយ។
គួរជម្រាបថា ចាប់តាំងពីដើមខែតុលាមក ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបានផ្ដាច់ជីវិតមនុស្ស៦៤នាក់ហើយ នៅតំបន់ភាគកណ្ដាល ប្រទេសវៀតណាម ហើយភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ត្រូវបានគេរំពឹងថានៅបន្តកើតឡើងនៅប៉ុន្មាថ្ងៃខាងមុខនេះ៕