នាយករដ្ឋមន្ដ្រីកម្ពុជា សង្ឃឹមថា ពិភពលោក នឹងរកវិធីគ្រប់គ្រង់សេដ្ឋកិច្ច ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា ពិភពលោក នឹងរកវិធីគ្រប់គ្រង់សេដ្ឋកិច្ច ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត ទោះបីមានការព្រមានអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក៏ដោយ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកកំពុងប្រកាសអាសន្ន ខណៈ សម្ដេច គិតថា ការប្រកាសអាសន្ននេះ ពលរដ្ឋខ្មែរ កុំមានការភ័យស្លន់ស្លោ រហូតទៅដល់ដកលុយចេញពីធនាគារ។
សម្ដេចតេជោ បញ្ជាក់ថា «ទោះបីមានការព្រមានការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយចុះ ក៏ប៉ុន្ដែ ខ្ញុំ សង្ឃឹមថា ពិភពលោក នឹងរកវិធីគ្រប់គ្រង់ វិធីសាស្ដ្រគ្រប់គ្រងនៃសេដ្ឋកិច្ច ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត»។
សូមរំលឹកថា និយតកររដ្ឋរបស់សហរដ្ឋអាមេរិក បានបិទធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ ដែលជាការក្ស័យធនដ៏ធំបំផុតទីបី នៅក្នុងប្រវត្តិសាស្រ្តធនាគាររបស់អាមេរិក។ ការបិទនេះធ្វើឡើងពីរថ្ងៃ បន្ទាប់ពីអាជ្ញាធរបានបិទធនាគារ Silicon Valley ក្រោយពេលអតិថិជនយ៉ាងច្រើននាំគ្នា សម្រុកមកដកប្រាក់បញ្ញើចេញពីធនាគារនេះ៕