ភ្នំពេញ៖ លោក ស សុខា កូនប្រុស សម្តេចក្រឡាហោម ស ខេង កំពុងមានតួនាទីជា អនុរដ្ឋលេខាធិកា ក្រសួងអប់រំ យុវជន និងកីឡា បានចេញមកបកស្រាយជុំវិញការកាត់តវីដេអូ ថា លោក កំពុងប្រដៅ លោក ហ៊ុន ម៉ាណែត បក្ខភាព នាយករដ្ឋមន្ត្រី នាថ្ងៃអនាគត និងលោក ហ៊ុន  ម៉ានី ព្រមទាំងមានការចោទប្រកាន់ មកលើរូប លោក ថា ចង់ធ្វើជានាយករដ្ឋមន្ត្រីផងនោះ ត្រូវបានលោកបញ្ជាក់ថា «ខ្ញុំកើតមកមិនមែនដើម្បីប្រកួតប្រជែងនោះទេ»។

លោក ស សុខា បន្ដថា ជាការពិត លោក នៅក្នុងគណបក្សមួយ ត្រូវគោរពសេចក្ដីសម្រេច  របស់គណបក្ស ក្នុងការរៀបចំចាត់ចែង រចនាសម្ព័ន្ធដឹកនាំប្រទេស ។

គួរឲ្យដឹងថា ការចេញមុខបកស្រាយភ្លាមៗ របស់លោក ស សុខា នៅពេលនេះ ធ្វើឡើងបន្ទាប់ពី មានវីដេអូ ដែលត្រូវបានកាត់បញ្ចូល និងប្រើប្រាស់ចំណងជើង ក្នុងន័យអុចអារ ញុះញុង រវាងលោក សុ សុខា កូនប្រុសសម្តេច ស ខេង និងលោក ហ៊ុន ម៉ាណែត កូនប្រុសសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅលើបណ្តាញសង្គមផ្សេងៗ យ៉ាងផុសផុល ។

យោងតាមសំណេរ របស់លោក ស សុខា បានរៀបរាប់នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានឲ្យដឹងថា "ជូនចំពោះម្ចាស់ Page Samdach Rotana TV ! ខ្ញុំមិនទោមនស្សរាល់ការបញ្ចេញមតិ របស់លោកនោះទេ។ ប៉ុន្តែខ្ញុំសុំលោកម្យ៉ាង កុំយកវិឌីអូឃ្លីបរបស់ខ្ញុំ ដែលមានខ្លឹមសារផ្សេង ទៅបង្ហោះដាក់ចំណងជើងផ្សឹង ដែលបង្កប់ដោយចេតនាញ៉ុះញុង ឬចោទប្រកាន់ខ្ញុំថា បង្គាប់បញ្ជាប្រដែលប្រដៅ បុគ្គលនេះបុគ្គលនោះ ជាពិសេសកូនសម្ដេចតេជោ នាយករដ្ឋមន្រ្តី ដូចជា ឯកឧត្តម ហ៊ុន ម៉ាណែត  និងឯកឧត្ដម ហ៊ុន ម៉ានី ជាដើម"។

សំណេររបស់លោក ស សុខា បានបន្ថែមទៀតថា «អ្វីដែលខ្ញុំមិនអាចទទួលយកបាន លោកថា ខ្ញុំក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរនោះ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំកើតមកមិនមែន ដើម្បីប្រកួតប្រជែងនោះទេ។ ជាការពិតខ្ញុំនៅក្នុងគណបក្សមួយ។ យើងត្រូវគោរពសេចក្ដីសម្រេច របស់គណបក្សក្នុងការរៀបចំចាត់ចែង រចនាសម្ព័ន្ធដឹកនាំប្រទេស នៅពេលដែលគណបក្សឈ្នះឆ្នោត។ ជាក់ស្ដែង ឯកឧត្តមហ៊ុន ម៉ាណែត ត្រូវបានគណបក្សបោះឆ្នោត ជាបេក្ខជនបន្តវេននាពេលអនាគត ដែលក្នុងនោះ ខ្ញុំក៏ជាមនុស្សម្នាក់គាំទ្រលោកដែរ»។

លោក ព្រមទាំង បានបង្ហាញនូវសារមួយ ទៅដល់អ្នកដែលកំពុងអុចអា ចោទប្រកាន់លោកទៀតថា «ថាជាភ័ព្វសំណាងរបស់ខ្ញុំក៏ថាបាន ដែលកើតមកក្នុងត្រកូលខ្ពង់ខ្ពស់មួយ។ តែអ្វីដែលជាស្មារតីពិតប្រាកដរបស់ខ្ញុំ មិនមែនកើតមកសម្រាប់ជាការ ប្រកួតប្រជែងនោះទេ តែជាការចូលរួមចំណែកឲ្យអស់ពីលទ្ធភាព ដើម្បីប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិទាំងមូល។ ពោលគឺខ្ញុំមិនធ្វើជាចំណែក នៃបញ្ហានោះទេ តែខ្ញុំប្ដេជ្ញាធ្វើជាចំណែក នៃដំណោះស្រាយសង្គមវិញ»។

លោក ស សុខា បញ្ជាក់ថា «ជារួមទាំងពីរចំណុច ដែលលោកទម្លាក់កំហុសលើខ្ញុំនេះ ជាសារមួយដែលមិនអាចទទួលយកបាន និងជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ។ ខ្ញុំនៅតែនិយាយដដែលថា នេះជាយុទ្ធសាស្ត្របំបែកបំបាក់ផ្ទៃក្នុង ដែលពុំធ្លាប់មានប្រសិទ្ធភា ព ម្ដងណាឡើយ។ ពួកយើងមានតែការសាមគ្គីផ្ទៃក្នុង គ្រប់ស្រទាប់ ឋាន:  និងគ្រប់រូបភាព។ និយាយឲ្យអស់ទៅ យើងតែងជួបគ្នាគ្រប់មធ្យោបាយ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងរាប់អាន និងជាពិសេសកិច្ចការ ជាប្រយោជន៍ជាតិ ប្រកបដោយការគោរព ការយល់ចិត្តយល់ថ្លើម ក្នុងស្មារតីជិះទូកតែមួយ ទៅកាន់ត្រើយតែមួយ។ ជាចុងក្រោយ ទោះបីយើងបក្សផ្សេងគ្នា រស់នៅប្រទេសខុសគ្នា ជំហរទស្សន: និងការមើលឃើញមួយជ្រុងផ្សេងគ្នាមែន តែសូមយើងប្រកាន់ចរិតជាខ្មែរតែមួយ។ យើងគួរមានមោទនភាព ដែលបានកើតជាខ្មែរ ជ្រោមជ្រែងរួបរួមគ្នា ដើម្បីកម្ពុជារុងរឿង»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ