រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អំពាវនាវឱ្យអាជ្ញាធរ បន្តការពារសន្តិសុខក្នុងសង្គម ព្រោះថា អាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោឃៅ ដោយសារតែភាពជ្រុលនិយមខាងនយោបាយ
កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គមនៅកម្ពុជា ពីព្រោះជាក់ស្ដែងណាស់ អាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោឃៅ មានទាំងការប៉ុនប៉ង់សម្លាប់អតីតប្រធានាធិបតី លោក ដូណាល់ត្រាំ ដោយសារតែភាពជ្រុលនិយមខាងនយោបាយ។
ការប៉ុនប៉ងធ្វើឃាតលើលោក ត្រាំ នៅឯទីលានវាយកូនហ្គោលមួយកន្លែងក្នុងរដ្ឋ Florida កាលពីថ្ងៃអាទិត្យ។ ខណៈ ២ខែមុន លោក ត្រាំ ក៏ត្រូវបានគេលួចឃាត ដោយត្រូវរបួសដាច់ត្រចៀក។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចំនួន៤ នៅបណ្ឌិតសភានគរបាលកម្ពុជា ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា ក្រុមប្រឆាំងជ្រុលនិយម បានប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកមកហើយ ប៉ុន្តែបានបរាជ័យដោយសារកិច្ចប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្ក្រាបប្រកបដោយការទទួលខុសត្រូវរបស់សមត្ថកិច្ច និងការចូលរួមការពារសុខសន្តិភាពយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអសន្តិសុខដើម្បីធ្វើជាឈ្នាន់ប្រជែងអំណាចតាមវិធីក្រៅច្បាប់របស់ក្រុមជ្រុលនិយម។
ភ្ជាប់នឹងការងារសន្តិសុខនេះដដែល លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត និងបានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម ពីព្រោះជាក់ស្ដែងណាស់ សហរដ្ឋអាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោឃៅ រហូតថ្មីៗនេះ មានទាំងការប៉ុនប៉ង់សម្លាប់អតីតប្រធានាធិបតី និងក៏ជាបេក្ខជនប្រធានាធិបតី ដោយសារតែភាពជ្រុលនិយមខាងនយោបាយ។
ដោយឡែក ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលមន្រ្តីនរបាលជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រង់មុំធនធានមនុស្ស នេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងថា សព្វថ្ងៃ មានមន្រ្តីនគរបាលកម្ពុជា៨រូបកំពុងសិក្សានៅប្រទេសតួកគី ដែលចំនួននេះនឹងកើនឡើងទ្វេដងនៅឆ្នាំបន្ទាប់ ប្រសិនបើនគរបាលទាំងនោះសិក្សាបានលទ្ធផលល្អ ជាពិសេសមានការគោរពវិន័យបានត្រឹត្រូវ៕