អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង ថ្កោលទោសដាច់អហង្ការ ចំពោះជនអនាមិកដែលក្លែងឯកសារផ្សព្វផ្សាយបំភ្លៃថា សម្តេចក្រឡាហោម «នឹងក្លាយជានាយករដ្ឋមន្ត្រី» នាពេលខាងមុខ
ភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជា នាយករដ្ឋមន្ត្រី នាពេលខាងមុខ។
អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សូមប្រកាសជាឱឡារិកថា នេះជាព័ត៌មានមួលបង្កាច់ បំផ្លើសការពិតដែលមានចរិតញុះញង់ លាបពណ៌ និងបំបែកបំបាក់ផ្ទុយទាំងស្រុងពីសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា សម្តេចក្រឡាហោម គ្មានមហិច្ឆតាណាបន្តិចបន្តួចទាល់តែសោះ ក្នុងការចង់ធ្វើជានាយករដ្ឋមន្ត្រី នាពេលខាងមុខនេះទេ។ សម្តេចក្រឡាហោម នៅតែបន្តចូលរួម និងគាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងបន្តជួយគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលបន្តវេននេះ សម្រាប់អាណត្តិខាងមុខៗបន្តទៀត ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ៕EB