រដ្ឋមន្រ្តីមហាផ្ទៃ និងរដ្ឋមន្ត្រី២ទៀតរបស់ជប៉ុនសម្រេចចិត្តលាលែងពីតំណែងក្នុងរយៈពេលតិចជាងមួយខែ
ជប៉ុន៖រដ្ឋមន្រ្តីមហាផ្ទៃជប៉ុន លោក Minoru Terada បានសម្រេចចិត្តលាលែងពីតំណែងហើយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្រោយផ្ទុះរឿងអាស្រូវហិរញ្ញវត្ថុ ហើយលោកបានក្លាយជារដ្ឋមន្ត្រីទី៣ ដែលត្រូវចាកចេញពីគណៈរដ្ឋមន្ត្រីជប៉ុនក្នុងរយៈពេលតិចជាងមួយខែប៉ុណ្ណោះ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ការលាលែងចេញពីតំណែងនេះ ស្របពេល ប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida កំពុងធ្លាក់ចុះស្រាប់។ លោក Minoru Terada ដែលកំពុងរងការរិះគន់ចំពោះរឿងអាស្រូវជាច្រើន ដែលក្រុមគាំទ្ររបស់លោកបានក្លែងបន្លំហត្ថលេខាលើឯកសារផ្តល់ មូលនិធិ បានដាក់លិខិតសុំលាលែងពីតំណែង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី គីស៉ិដា កំពុងរៀបចំបណ្តេញរូបលោកចេញតំណែង។
ទូរទស្សន៍ NHK បានឲ្យដឹងថា លោក គីស៉ិដា ទំនងជានឹងតែងតាំង លោក Takeaki Matsumotoដែលជាអតីតរដ្ឋមន្ត្រីការបរទេស ឲ្យមកជំនួសតំណែងរបស់លោក តេរ៉េដា។
គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែតុលា រដ្ឋមន្រ្តីសេដ្ឋកិច្ច លោក ដៃស៉ិរ៉ូ យ៉ាម៉ាហ្គីវ៉ា បានលាលែងពីតំណែង ខណៈកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ រដ្ឋមន្រ្តីយុត្តិធម៌ លោក យ៉ាស៊ូហ៉ីរ៉ូ ហាណាស៉ិ ក៏បានលាលែងពីតំណែងផងដែរ។ ហើយការចាកចេញរបស់លោក តេរ៉េដា អាចធ្វើឲ្យការគាំទ្រចំពោះ លោកនាយករដ្ឋមន្រ្ដីជប៉ុន កាន់តែធ្លាក់ចុះបន្ថែម៕