ក្រសួងសុខាភិបាល ប្រកាសថា អ្នកពាក់ព័ន្ធជាមួយ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វានោះ មិនមានអ្វីប្រែប្រួលឡើយ
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកបញ្ជាក់អំពីស្ថានភាពសុខភាព របស់បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា និងអ្នកដែលមានការពាក់ព័ន្ធចំនួន ៥នាក់ផ្សេងទៀត មិនមានអ្វីប្រែប្រួលឡើយ។
តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា គិតត្រឹមម៉ោង១២ ថ្ងៃនេះ ស្ថានភាពអ្នកជំងឺជនជាតិនីហ្សេរីយ៉ា ដែលបានកើតជំងឺអុតស្វានោះ គឺមានស្ថានភាពធម្មតា គ្មានអ្វីប្រែប្រួលឡើយ ដោយមានការយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ។
លោកស្រី បន្ដថា «ដោយឡែកសម្រាប់អ្នកប៉ះពាល់ជាមួយ អ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ានេះ បានរកឃើញចំនួន ៥នាក់នោះ ពួកកំពុងស្នាក់នៅដាច់ដោយឡែក នៅតាមផ្ទះសម្ដែងរបស់គាត់ និងធ្វើការតាមដានសុខភាពដោយយកចិត្តទុកដាក់។ ប៉ុន្ដែរហូតមកដល់ពេលនេះ ពួកគាត់ទាំង ៥នាក់ ក៏មិនទាន់មានចេញនូវរោគសញ្ញាណាមួយ ដែលបង្ហាញអំពីការប្រែប្រួលអំពីសុខភាពរបស់គាត់នៅឡើយទេ»។
លើសពីនេះ លោកស្រី ក៏បានពន្យល់ថា តាមនីតិវីធីរបស់ក្រសួងសុខាភិបាល គឺនៅពេលបុគ្គលមិនទាន់មានបង្ហាញនូវរោគសញ្ញាអ្វីមួយដែលជាករណីសង្ស័យនោះ ក្រសួង ក៏មិនមានតម្រូវការណា ដែលត្រូវធ្វើតេស្ដវិភាគនៅមន្ទីរពិសោធន៍នោះដែរទេ។ លោកស្រី បន្ដថា អ្វីដែលសំខាន់ គឺពួកគាត់ទាំង ៥នាក់នោះ គឺអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការពារខ្លួន ដើម្បីធ្វើយ៉ាងណាកុំប៉ះពាល់ជាមួយសមាជិកគ្រួសារ ជាពិសេស កុំប្រើប្រាស់របស់របបរួម។
ចំពោះបុរសជនជាតិនីហ្សេរីយ៉ា វិញ លោកស្រី រដ្ឋលេខាធិការ បានឲ្យដឹងបន្ថែមថា ក្រសួង បានផ្ដោតទៅលើការថែទាំ និងព្យាបាលទៅតាមស្ថានភាពជំងឺរបស់គាត់ ធ្វើយ៉ាងដើម្បីឲ្យគាត់ជាសះស្បើយ។
លោកស្រី បានបញ្ជាក់ថា «នៅពេលគាត់ជាសះស្បើយ នៅពេលនោះយើង ជម្រាបជូនជាបន្ដបន្ទាប់ទៀត តើនីតិវិធីត្រូវធ្វើយ៉ាងមិចទៀត? ពីព្រោះអាស្រ័យទៅលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។ សំខាន់គឺ ខាងសុខាភិបាល គឺផ្ដល់បន្ដការថែទាំ និងព្យាបាលឲ្យជាបន្ដបន្ទាប់មកទៀត គឺអាស្រ័យទៅលើនីតិវិធីរដ្ឋបាល និងផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខាងសមត្ថកិច្ចរបស់យើង ដែលលោកនឹងធ្វើការចាត់ចែងជាបន្ដបន្ទាប់ទៅទៀត»។
សូមរំលឹកថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ A10414328 ជាអ្នកទេសចរណ៍ និងមានប្រវត្តិ នៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត ហើយត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួន នៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចាត់ចែងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ចូនកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះផងដែរ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ